ភ្នំពេញ ៖ លោក ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានលើកឡើងថា ការលក់ស្បៀង និងគ្រឿងឧបភោគបរិភោគ ជូនប្រជាពលរដ្ឋ ក្នុងតំបន់បិទខ្ទប់ នៅភូមិសាស្ត្ររាជធានីភ្នំពេញ (តំបន់ក្រហម) ធ្វើឡើងតាមសេចក្ដីណែនាំ របស់រាជរដ្ឋាភិបាល ។
នេះជាការលើកឡើង របស់លោកក្នុងឱកាសពិនិត្យ ស្តង់លក់ស្បៀងអាហារ នាថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២១ ។
លោក ប៉ាន សូរស័ក្តិ មានប្រសាសន៍បន្តថា ក្រសួងបានបញ្ចេញស្បៀង លក់តាមរយៈទីផ្សារ អនឡាញ (shop.moc.gov.kh) និង រថយន្តចល័តរបស់ក្រុមហ៊ុន ហ្គ្រីនត្រេដ និងរថយន្តក្រសួងចំនួន៨គ្រឿង ព្រមទាំងបើកស្ដង់លក់ទំនិញ ចំនួន ១១ទីតាំង ដែលមាន២៥ស្តង់ ដើម្បីទ្រទ្រង់ស្ថិរភាពថ្លៃទំនិញ ដែលជាស្បៀងមូលដ្ឋាន។ ក្នុងនោះ រួមមាន៖ អង្ករ មី ត្រីខកំប៉ុង ទឹកត្រី ទឹកស៊ីអ៊ីវ ទឹកសុទ្ធ ឆៃប៉ូវ និងស្បៀងមូលដ្ឋានមួយចំនួនទៀត ដែល ត្រូវបានត្រួតពិនិត្យគុណភាព និងតម្លៃ យ៉ាងយកចិត្តទុកដាក់។
លោកថា ក្រសួងបានចាត់មន្ត្រីជំនាញ បន្តចុះត្រួតពិនិត្យ និងតាមដានសន្ទស្សន៍ថ្លៃទំនិញ តាមទីផ្សារជាប្រចាំ ដើម្បីទប់ស្កាត់ការបន្លំគុណភាព ការលក់ដូរ បំប៉ោងតម្លៃទំនិញ ព្រមទាំងណែនាំអាជីករបិទស្លាកថ្លៃនៅលើមុខទំនិញ ។
សូមជម្រាបថា ចាប់ពីថ្ងៃទី២៣-២៧ ខែមេសា ឆ្នាំ២០២១ ការលក់តាមស្តង់ទាំង១១ទីតាំង បានអង្ករ ១ ៣៦២បាវ មីជាតិ ៤ ៣៣១កេស ទឹកត្រី ១ ២២៧យួរ ទឹកស៊ីអ៊ីវ ១ ១៩១យួរ ត្រីខ ២ ៧៦៣យួរ ឆៃប៉ូវ ៤៨៣ថង់ និងទឹកសុទ្ធ ៨៨កេស ក្នុងតម្លៃទាបជាងទីផ្សារ ជូនប្រជាពលរដ្ឋ ដែលកំពុងរស់នៅតំបន់ក្រហម ។
រាជរដ្ឋាភិបាល បានចេញវិធានការលម្អិត ដើម្បីរឹតបន្តឹងការអនុវត្តសេចក្ដីសម្រេច ស្ដីពីការបិទខ្ទប់ភូមិសាស្រ្ត រាជធានីភ្នំពេញ និងក្រុងតាខ្មៅនៃខេត្តកណ្ដាល ដើម្បីទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ ។
ក្នុងនោះចំពោះការលក់ស្បៀងវិញ រាជរដ្ឋាភិបាលបាន តាមដានត្រួតពិនិត្យ គុណភាព និង សន្ទស្សន៍ថ្លៃទំនិញជាប្រចាំ ដោយមានអគ្គនាយកដ្ឋាន ការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ (ក.ប.ប.) ដែលជាស្ថាប័នជំនាញជាសេនាធិការ៕