ព័ត៌មានជាតិ

កម្ពុជា បន្ដចូលរួមពិព័រណ៍នាំ ចូលអន្ដរជាតិចិន លើកទី៤ ដើម្បីអូសទាញអ្នកវិនិយោគ មកបណ្តាក់ទុនបន្ថែម (Video)

ភ្នំពេញ ៖ គណៈកម្មការអន្ដរក្រសួង ដើម្បីរៀបចំ និងចូលរួមពិព័រណ៍ពិភពលោក និងពិព័រណ៍ពាណិជ្ជកម្មអន្ដរជាតិ នៃក្រសួងពាណិជ្ជកម្ម បានឲ្យដឹងថា កម្ពុជានឹងបន្ដចូលរួមពិព័រណ៍នាំចូលអន្ដរជាតិចិន លើកទី៤ »The 4th China International Import Exposition (CIIE)» ដែលនឹងប្រព្រឹត្តទៅ ចាប់ពីថ្ងៃទី៥-១០ ខែវិច្ឆិកា ឆ្នាំ២០២១ ខាងមុខ នៅទីក្រុងសៀងហៃ ប្រទេសចិន។

យោងតាមសេចក្ដីជូនដំណឹងរបស់ ក្រសួងពាណិជ្ជកម្ម កាលពីថ្ងៃទី២៨ មេសាឱ្យដឹង ថា ក្នុងព្រឹត្តិការណ៍ពាណិជ្ជកម្មនេះ កម្ពុជានឹងរៀបចំចូលរួមពីចម្ងាយ (Online) ដើម្បីផ្សព្វផ្សាយផលិតផល និងសេវា តាមប្រព័ន្ធអនឡាញជាអន្តរជាតិ និងមានការចាត់បញ្ជូនក្រុមហ៊ុនកម្ពុជាដែលមានសាខា ឬតំណាងចែកចាយផលិតផល និងសេវានៅប្រទេសចិនស្រាប់ ទៅចូលរួមដោយផ្ទាល់ដែលមានស្តង់នៅក្នុងតំបន់ពាណិជ្ជកម្ម ដើម្បីស្វែងរកទីផ្សារសម្រាប់ ផលិតផលកម្ពុជានិងផ្សព្វ ផ្សាយអំពីឱកាសវិនិយោគ និងអូសទាញវិនិយោគិនបរទេសឱ្យមកបណ្តាក់ទុនវិនិយោគនៅកម្ពុជា។

ក្រសួងពាណិជ្ជកម្ម ក៏បានណែនាំក្រុមហ៊ុនឯកជនដែលធ្វើធុរកិច្ចនៅកម្ពុជា ហើយមានសាខា ឬតំណាងចែកចាយ នៅប្រទេសចិនស្រាប់ និងមានបំណងចូលរួមពិព័រណ៍នាំចូលអន្តរជាតិចិន លើកទី៤ ឬមានគម្រោងស្វែងរកដៃគូវិនិយោគ ឬត្រូវចុះហត្ថលេខា លើអនុស្សរណៈយោគយល់គ្នាជាមួយបណ្តាប្រទេសដែលបានចូលរួម ត្រូវប្រញាប់មកបំពេញ បែបបទ និងផ្ញើគម្រោងរបស់ខ្លួនមកនាយកដ្ឋានកិច្ចការពិព័រណ៍ អគ្គនាយកដ្ឋានជំរុញពាណិជ្ជកម្ម នៃក្រសួងពាណិជ្ជកម្ម ឱ្យបានមុន ថ្ងៃទី៧ ខែឧសភា ឆ្នាំ២០២១ ជាកំណត់ដើម្បីក្រសួងធ្វើការសម្របសម្រួលជូន៕

To Top