នយោបាយ

រាជរដ្ឋាភិបាលបន្ដរក្សា និងបង្កើតការងារថ្មី ជូនពលរដ្ឋ ទោះបីស្ថិតក្នុងស្ថានភាព ដ៏លំបាកនៃជំងឺកូវីដ-១៩

ភ្នំពេញ ៖ រាជរដ្ឋាភិបាលកម្ពុជា នៅតែខិតខំបន្ដរក្សាការងារ ដែលមានស្រាប់ និងបង្កើតការងារថ្មី គ្រប់ប្រភេទ ជូនប្រជាពលរដ្ឋ ទោះបីកម្ពុជា ស្ថិតក្នុងស្ថានភាពដ៏លំបាក នៃជំងឺកូវីដ-១៩ក៏ដោយ ជាក់ស្ដែង រោងចក្រ សហគ្រាស់ ចំនួន១ ១០៣ បើកដំណើរការថ្មី ។

តាមរយៈសារលិខិត របស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងឱកាសខួបអនុស្សាវរីយ៍ លើកទី១៣៥ នៃទិវាពលកម្មអន្ដរជាតិ ថ្ងៃទី១ ឧសភា បានឲ្យដឹងថា «ទោះបីជាស្ថិតក្នុងស្ថានភាពដ៏លំបាកនៃជំងឺកូវីដ-១៩ក៏ដោយ រាជរដ្ឋាភិបាល នៅតែខិតខំបន្តរក្សាការងារ ដែល មានស្រាប់ និងបង្កើតការងារថ្មី គ្រប់ប្រភេទ ជូនប្រជាពលរដ្ឋ ដែលនាំឲ្យផលប៉ះពាល់លើចំនួនការងារ ស្ថិតក្នុងកម្រិតមួយ ដែលអាចគ្រប់គ្រងបាន ។ ជាក់ស្ដែង រោងចក្រ សហគ្រាសចំនួន ១១០៣ បាន បើកដំណើរ ការថ្មី ដែលផ្តល់ការងារដល់កម្មករ និយោជិតសរុបជាង ៦ម៉ឺននាក់បន្ថែម»។

រាជរដ្ឋាភិបាលបន្ដថា លើសពីនេះ ចំនួនរោងចក្រ សហគ្រាសដែលបានព្យួរកិច្ចសន្យាការងារបានធ្លាក់ចុះពីចំណុចកំពូល នៅខែមិថុនា ឆ្នាំ២០២០ ពីចំនួន ៤៣៣ ស្មើនឹងកម្មករ និយោជិតជាង ១៥ម៉ឺននាក់ មកត្រឹម ១៥០រោងចក្រ សហគ្រាស ស្មើនឹងកម្មករជាង ២ម៉ឺននាក់ គិតត្រឹមបំណាច់ ឆ្នាំ២០២០ និងបន្តធ្លាក់ចុះជាបណ្តើរៗផងដែរ។ ទន្ទឹមនឹងនេះ ទីភ្នាក់ងារ ជាតិមុខរបរ និងការងារ ក៏បានចុះឈ្មោះ ស្វែងរកការងារ ចំនួន ១៧ ២០១នាក់, បានផ្សព្វផ្សាយព័ត៌មានជ្រើសរើស កម្លាំងពលកម្ម ចំនួន ១៨៤ ៨០៨នាក់ និងបន្តជួយស្វែងរកការងារធ្វើជូនប្រជាពលរដ្ឋតាមមូលដ្ឋាន ភូមិ-ឃុំ។

រាជរដ្ឋាភិបាល ក៏បានបន្តយកចិត្តទុកដាក់ក្នុងការ លើកកម្ពស់សុវត្ថិភាព និងសុខភាពការងាររបស់កម្មករ និយោជិត នៅតាមគ្រប់រោងចក្រ សហគ្រាស ដោយតម្រូវឱ្យមានគិលានដ្ឋាន កន្លែងហូបបាយ បន្ទប់បំបៅកូន និងទារកដ្ឋាន ដែលបានជួយធ្វើឲ្យកាន់តែប្រសើរឡើង នូវសុខុមាលភាព របស់កម្មករនិយោជិត ។ កម្មវិធី បង្ការគ្រោះថ្នាក់ការងារ និងបង្កើនសុវត្ថិភាពក្នុងការដឹកជញ្ជូន និងការធ្វើដំណើររបស់កម្មករនិយោជិត ក៏ត្រូវបានជំរុញ ការអនុវត្តយ៉ាងសកម្មផងដែរ។

សូមបញ្ជាក់ថា ចាប់ពីឆ្នាំ២០១៨ រាជរដ្ឋាភិបាល បានអនុវត្តគោលនយោបាយឧបត្ថម្ភសាច់ប្រាក់ដល់កម្មការិនីទាំងក្នុង និងក្រៅប្រព័ន្ធ និងមន្ត្រីសាធារណៈនៅពេល សម្រាលកូន ដោយក្នុងឆ្នាំ២០២០នេះ ប.ស.ស. បានផ្តល់ប្រាក់ឧបត្ថម្ភ ដល់ស្រ្តីសម្រាលកូន បានចំនួន ៨១ ៩៩០នាក់ (កើនឡើងប្រមាណ ៧,៣%) ស្មើនឹងចំនួនកូន ៨២ ៥២៧នាក់ (កើនឡើងប្រមាណ ៧,៣%) ។ គិតជាទឹក ប្រាក់សរុបចំនួន ៣៣ ប៊ីលានរៀល ហើយបើគិតចាប់ពីឆ្នាំ២០១៨ រហូតដល់ឆ្នាំ២០២០ ស្រ្តីសម្រាលកូន មានចំនួន ២១៦ ២០២នាក់ ដោយចំណាយថវិកាសរុបចំនួន ៨៧,១ប៊ីលានរៀល៕

To Top