ព័ត៌មានជាតិ

អ្នកវិភាគ ៖ កូនខ្មែរ ត្រូវហ៊ានប្រាប់ ជនជាតិវៀតណាម ថា មិនមែន កម្ពុជា តែម្នាក់ឯងទេ ដែលជំពាក់គុណ វៀតណាម ប៉ុន្តែវៀតណាម ក៏ជំពាក់គុណកម្ពុជា យ៉ាងសម្បើមណាស់ដែរ (Video)

ភ្នំពេញ ៖ លោក តាន់ វុទ្ធា អ្នកវិភាគជំនាន់ថ្មី បានលើកឡើង វៀតណាម ត្រូវតែដឹងគុណខ្មែរ អំពីប្រវត្តិ «ផ្លូវលំហូជីមិញ » ដែលសង់ក្នុងដីខ្មែរ ចម្ងាយជាង១២០០ គីឡូម៉ែត្រ ពីខេត្តរតនគិរី រហូតដល់ខេត្តកំពត ព្រោះនេះសច្ចធម៌ ប្រវត្តិសាស្រ្ត ខណៈថ្ងៃទី៣០ មេសា ២០២១ គឺជាខួបលើកទី៤៦ឆ្នាំ នៃទិវាបង្រួបបង្រួមប្រទេស (Reunification Day) របស់វៀតណាម ដែលទ័ពព្រៃកុម្មុយនិស្ត នៃរណសិរ្សរំដោះវៀតណាមខាងត្បូង (Vietcong) និងកងទ័ពកុម្មុយនិស្ត វៀតណាមខាងជើង បានវាយសង្រ្គប់ដណ្តើម កាន់កាប់ទីក្រុង Saigon វៀតណាមខាងត្បូង នៅថ្ងៃទី៣០ មេសា ១៩៧៥។

តាមរយៈគេហទំព័រហ្វេសប៊ុក នៅថ្ងៃទី៣០ មេសា នេះ លោក តាន់ វុទ្ធា បានលើកឡើងថា “កូនខ្មែរជំនាន់នេះ និងជំនាន់ក្រោយៗ ត្រូវហ៊ានប្រាប់ទៅជនជាតិ វៀតណាម អោយចងចាំអោយច្បាស់ៗថា មិនមែនកម្ពុជា តែម្នាក់ឯងទេ ដែលជំពាក់គុណ វៀតណាមថ្ងៃ ០៧ មករា ១៩៧៩ ប៉ុន្តែវៀតណាមក៏ជំពាក់គុណកម្ពុជា យ៉ាងសម្បើមណាស់ដែរ ពាក់ព័ន្ធនឹងប្រវត្តិ «ផ្លូវលំហូជីមិញ» សង់ក្នុងទឹកដីខ្មែរ ជាង១២០០ គ.ម ពីខេត្តរតនគីរី ដល់ខេត្តកំពត ក្នុងសង្រ្គាមវៀតណាម ឬសង្រ្គាមឥណ្ឌូចិនលើកទី២ ដែលនាំឱ្យមានការបង្រួបបង្រួម វៀតណាមទាំងពីរនៅថ្ងៃទី៣០ ខែមេសា ឆ្នាំ១៩៧៥ ហើយដែលបានធ្វើអោយប្រទេសវៀតណាមធំ កម្លាំងខ្លាំង និងកើនប្រជាជនរហូតដល់ជិត១០០ លាននាក់” ។

លោក តាន់ វុទ្ធា បានលើកឡើងបន្ថែមថា ” រឿងរ៉ាវប្រវត្តិសាស្រ្តទាំងនេះ វាប្រទាក់ក្រទ្បាគ្នាទាំងអស់ ពោលគឺ បើគ្មានសង្រ្គាមវៀតណាម ក៏គ្មានរដ្ឋប្រហារទម្លាក់ សម្តេចព្រះប្រមុខរដ្ឋ នរោត្តម សីហនុ ពីតំណែងដែរ (ដោយសារព្រះអង្គជួយយួន) ហើយបើគ្មានរដ្ឋប្រហារ១៨មីនា ១៩៧០ ទម្លាក់ហ្លួង, ស្រុកខ្មែរក៏គ្មានសង្រ្គាមអ្វីធំដុំដែរ ចំណែកពួកទមិទ្ប(ទ្មិល) ខ្មែរក្រហម ក៏នឹងគ្មានឱកាសអ្វី បានមកកាន់អំណាច កាប់សម្លាប់ប្រជាជនកម្ពុជា អស់រាប់លានដែរ ព្រោះខ្មែរតិចណាស់ ដែលយល់ និងស្រលាញ់លទ្ធិកុម្មុយនិស្ត ។

នេះជាសច្ចធម៌ប្រវត្តិសាស្រ្ត មិនអាចប្រកែកបានទេ ។ គុណមានទៅ មានមក ។ (រូបភាពទី១) ខ្សែពណ៌ក្រហម គឺជាផ្លូវលំហូជីមិញ ជាផ្លូវយុទ្ធសាស្រ្តសំខាន់បំផុត ដែលចិនជួយលុយ និងសង់ដោយវិស្វករគុយបា ដើម្បីចល័តទ័ព អាវុធ គ្រាប់រំសេវ ស្បៀង ថ្នាំពេទ្យ ពីវៀតណាមខាងជើង មកវៀតណាមខាងត្បូង។ បើគ្មានផ្លូវលំហូជីមិញឆ្លងកាត់ប្រទេសកម្ពុជាជាង១២០០ គ.ម ទេ, ទោះជាទ័ពព្រៃកុម្មុយនិស្តវៀតណាមខាងជើងពូកែច្បាំង ហើយច្បាំង៥០០ឆ្នាំទៀត ក៏មិនអាចយកឈ្នះលើកងទ័ពអាមេរិក និងវៀតណាមខាងត្បូងបានដែរ ។ ក្នុងសង្រ្គាមសម័យសាមកុក ជូ កឺលាង លើកទ័ពនគរស៊ូមកច្បាំង ជាមួយកងទ័ពនគរអ៊ួយ ដើម្បីបង្រួមភូមិភាគ កណ្តាលជិត១០ដង ចាញ់នគរអ៊ួយទាំងជិត១០ដង ដោយសារភូមិសាស្រ្តកដបមិនអំណោយផលដល់ កងទ័ពនគរស៊ូជញ្ជូនស្បៀង អាវុធ និងចល័តទ័ព” ៕

បំរាម៖ ហាមយកព័ត៌មានរបស់សារព័ត៌មាន ដើមអម្ពិល ចុះផ្សាយដោយគ្មានការជូនដំណឹងមកជាមុន។ រាល់បញ្ហាអត្ថបទដែលយកចុះផ្សាយបន្ត ស្ថាប័នយើងខ្ញុំមិនទទួលខុសត្រូវឡើយ។ លោកអ្នកអាចទំនាក់ំទំនងមកក្រុមការងារតាមរយៈ​ទូរស័ព្ទលេខ៖ 012 722337 ឬ dapnews@gmail.com

All rights reserved by: DAP News

To Top