ភ្នំពេញ ៖ លោក ឈាង វុន ប្រធានក្រុមមិត្តភាពរដ្ឋសភា កម្ពុជា-ជប៉ុន ទទួលបានគ្រឿងឥស្សរិយយស «The Order of the Rising Sun, Gold and Silver Star» ពីរដ្ឋាភិបាលជប៉ុន ក្នុងការពង្រឹងទំនាក់ទំនងរវាង ជប៉ុន-កម្ពុជា និងជំរុញការ ផ្លាស់ប្តូររវាង សមាជិកសភា នៃប្រទេសទាំងពីរ ។
យោងតាមសេចក្ដីប្រកាសព័ត៌មានរបស់ ស្ថានទូតជប៉ុន ប្រចាំកម្ពុជា កាលពីថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២១ បានបញ្ជាក់ ថា «ថ្មីៗនេះ ទីស្តីការគណៈរដ្ឋមន្ត្រី នៃរដ្ឋាភិបាលជប៉ុន បានប្រកាសឈ្មោះឥស្សរជនបរទេស ដែលត្រូវទទួលគ្រឿង ឥស្សរិយយស សម្រាប់និទាឃរដូវ ឆ្នាំ២០២១ ផ្តល់ជូនបុគ្គល មានគុណសម្បត្តិ ដើម្បីជាការទទួលស្គាល់ នូវកិច្ចការបំរើជាតិ ឬបំរើសង្គមរបស់ឥស្សរជន ទាំងនោះ និងជាការសម្តែងនូវការគោរព និងកោតសរសើរ ចំពោះស្នាដៃលេចធ្លោរបស់អស់ លោក-លោកស្រីទាំងនោះ ក្នុងវិស័យផ្សេងៗ នៅក្នុងសង្គម» ។
ស្ថានទូតជប៉ុន ក៏បានអបអរសាទរចំពោះ លោក ឈាង វុន ដែលទទួលបានគ្រឿងឥស្សរិយយស «The Order of the Rising Sun, Gold and Silver Star» ត្រូវប្រគល់ជូន ដើម្បីជាការទទួលស្គាល់ការ ចូលរួមវិភាគទានលោក៕