Covid-19

លោកស្រី ឱ វណ្ណឌីន៖ បើម្នាក់ៗ​មិនចូលរួមទប់ស្កាត់កូវីដ១៩ ការចម្លងនៅតែមាន​ ហើយអូសបន្លាយឆ្ងាយទៅៗ​ រហូតទប់លែងជាប់

ភ្នំពេញ៖ រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងសុខា ភិបាល លោកស្រី ឱ វណ្ណឌីនបានថ្លែងនារាត្រីថ្ងៃ៣០ មេសា ថា បេីបុគ្គលម្នាក់ៗ​ មិនបានអនុវត្តវិធានការ​ ៣ការពារ​ និង​ ៣កុំ​ ត្រឹមត្រូវទេ នោះ​ការចម្លងនៅតែមាន​ ហេីយខ្សែចម្លងរឹតតែអូសបន្លាយឆ្ងាយទៅៗ​ រហូតដល់ថ្ងៃណាមួយនឹងហួសពីសមត្ថភាពនៃការគ្រប់គ្រង។

លោកស្រីបានបន្តលើកជាឧទាហរណ៍ពីប្រទេសឥណ្ឌា ខណៈឥណ្ឌាកំពុងផ្ទុះការកើនឡើងអ្នកកូវីដ ដោយឆ្លងរាប់ម៉ឺននាក់ក្រោយពលរដ្ឋនាំគ្នាទៅមុជទឹកក្នុងទន្លេដើម្បីដេញជំងឺនេះ។

លោកស្រីបន្តថា “យេីងក៏មិនចង់ជួបព្រឹត្តិការណ៍បែបនោះ(ឆ្លងដូចនៅឥណ្ឌា)ដែរ​ មែនទេ? ដូច្នេះ​ ត្រូវរួមគ្នាអនុវត្តវិធានការ៣កុំ ៣ការពារ ។ ហើយបើបុគ្គលម្នាក់ៗមិនគោរពវិធានការនេះ ការចម្លងនៅតែមាន​ ហេីយខ្សែចម្លងរិតតែអូសបន្លាយឆ្ងាយទៅៗ​ រហូតដល់ថ្ងៃណាមួយនឹងហួសពីសមត្ថភាពយេីងហេីយណា”។

លោកស្រីស្នើឲ្យរួមគ្នាឆ្លងកាត់ការលំបាកពេលនេះឲ្យបាន​ ហេីយគ្មានអ្វីដែលអាចការពារខ្លួនបានក្រៅតែពី​ ៣ការពារ​ +​ ៣កុំ​ +​ ចាក់វ៉ាក់សាំង​ +​ នៅផ្ទះ​ (ប្រសិនបេីមិនមានការចាំបាច់ទេនោះ​ ព្យាយាមកុំចេញក្រៅផ្ទះ)។

អ្នកនាំពាក្យរូបនេះសង្ឃឹមថា​ កម្ពុជាមានពេលអាចទាញសភាពឆ្លងរាតត្បាតឲ្យថយចុះវិញ​ ដោយទាំងអស់គ្នាត្រូវចូលរួមអនុវត្តវិធានសុខាភិបាល។

សូមបញ្ជាក់ថា បច្ចុប្បន្នស្ថានភាពជំងឺកូវីដ-១៩ នៅ កម្ពុជាកំពុងតែផ្ទុះខ្លាំងឡើងដោយក្នុងមួយថ្ងៃមានអ្នកឆ្លងជិត១ពាន់នាក់។ ជាក់ស្តែងថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២១នេះ មានអ្នកឆ្លងថ្មីចំនួន៧៦២នាក់ ខណៈអ្នកជាសះស្បើយចំនួន១៦៦នាក់ និងអ្នកស្លាប់២នាក់។

បើតាមប្រកាសក្រសួងសុខាភិបាល គិតមកត្រឹមថ្ងៃ៣០ មេសា នេះកម្ពុជាមានអ្នកឆ្លងចំនួន១៣,៤០២នាក់ អ្នកជាសះស្បើយចំនួន៥,១៥២នាក់ អ្នកកំពុងព្យាបាលចំនួន៨,១៥០នាក់និងអ្នកស្លាប់ចំនួន៩៣នាក់៕

To Top