ព័ត៌មានជាតិ

អ្នកនាំពាក្យ រាជរដ្ឋាភិបាល ឱ្យបញ្ឈប់ជាបន្ទាន់ នូវការផ្សព្វផ្សាយ វាយប្រហារ រាជរដ្ឋាភិបាល ក្នុងពេលប្រយុទ្ធប្រឆាំងជំងឺកូវីដ

ភ្នំពេញ ៖ អង្គភាព អ្នកនាំពាក្យរាជរដ្ឋាភិបាល ស្នេីឱ្យបញ្ឈប់ជាបន្ទាន់ នូវសកម្មភាព ផ្សព្វផ្សាយវាយប្រហារ លេីរាជរដ្ឋាភិបាល ពេលកំពុងប្រយុទ្ធប្រឆាំង ជំងឺកូវីដ-១៩ ។

ក្នុងសេចក្ដីប្រកាសព័ត៌មាន របស់អង្គភាពអ្នកនាំពាក្យ រាជរដ្ឋាភិបាល នាថ្ងៃទី១ ខែឧសភា ឆ្នាំ២០២១ថា អ្នកនាំពាក្យរាជរដ្ឋាភិបាល បានសង្កេតឃើញ តាមរយៈបណ្ដាញសង្គម ដោយមានជនឆ្លៀត ឱកាសមួយចំនួន បានបំផុសព័ត៌មាន ក្នុងន័យញុះញង់ និងបង្កើតចលាចល នៅក្នុងស្ថានភាព ដែលប្រជាជាតិកំពុងប្រឈម នឹងបញ្ហាជំងឺរាតត្បាត នៃមេរោគកូវីដ-១៩ បណ្ដាលឲ្យមានភាព សោកសៅបំផុត ចំពោះការបាត់បង់ជីវិត ប្រជាពលរដ្ឋជាបន្តបន្ទាប់។

អ្នកនាំពាក្យរាជរដ្ឋាភិបាល ស្នើឲ្យជនអគតិមួយចំនួន បញ្ឈប់ជាបន្ទាន់ នូវសកម្មភាពទាំងនោះ ដ្បិតការផ្សព្វផ្សាយ ទាំងនោះ គឺជាទង្វើវាយប្រហារ និងរំលោភច្បាប់ និងត្រូវផ្ដន្ទាទោសដោយពុំមានការលើកលែង។

អ្នកនាំពាក្យ រាជរដ្ឋាភិបាល បានថ្លែងអំណរគុណ ដល់សមត្ថកិច្ចពាក់ព័ន្ធទាំងអស់ ដែលបាននិងកំពុងចូលរួមយ៉ាងមោះមុត ក្នុងបេសកកម្មប្រកបដ៏កិត្តិយស និងឧត្តុងឧត្តមនេះ ជាពិសេសបងប្អូនជនរួមជាតិ ដែលបានចូលរួមសហការ ប្រកបដោយភាពថ្លៃថ្នូរ និងប្រវត្តិសាស្រ្ត ដើម្បីចូលរួមទប់ស្កាត់ឲ្យបាននូវការរីករាលដាលមេរោគកូវីដ-១៩ ដ៏កាចសាហាវនេះ៕

To Top