ភ្នំពេញ៖ លោក ពេជ្រ ស្រស់ ប្រធានគណបក្សយុវជនកម្ពុជា បានលើកឡើងថា បើក្រោយថ្ងៃទី៥ ឧសភា រដ្ឋាភិបាល បើករាជធានី-ខេត្ត ឡើងវិញនោះ វិធានការចាំបាច់ត្រូវតែអនុវត្តបន្តគឺ ប្រជា
ពលរដ្ឋត្រូវតែផ្លាស់ប្តូរនូវ ការរស់នៅតាមទម្លាប់ចាស់ មកជាការរស់នៅឲ្យមានក្រិតក្រមអនាម័យខ្ពស់ ហើយត្រូវរក្សាគម្លាតពីគ្នា និងមិនត្រូវជួបជុំគ្នានោះឡើយ ។
លោក ពេជ្រ ស្រស់ លើកឡើងបែបនេះបន្ទាប់ពី សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានប្រកាសថា នឹងមិនបន្ដបិទរាជធានីភ្នំពេញ និងតាមបណ្ដាខេត្តទៀតឡើយ គ្រាន់តែបិទតំបន់តូចៗមួយចំនួន មានហានិភ័យខ្ពស់នៃ ការឆ្លងរីករាលជំងឺកូវីដ១៩ប៉ុណ្ណោះ។
តាមរយៈគេហទំព័រហ្វេសប៊ុក នៅថ្ងៃទី២ឧសភា លោក ពេជ្រ ស្រស់ ប្រធានគណបក្សយុវជនកម្ពុជា បានសង្កត់ធ្ងន់ថា “បើសិនមានពលរដ្ឋណា ឬក្រុមណាប្រមាថ លើមេរោគកូវីដនេះលទ្ធផលចុងក្រោយ នឹងដូចពលរដ្ឋឥណ្ឌាដូច្នោះដែរ គឺដណ្តើមកន្លែងគ្នាដុត ឬកប់រួមគ្នាដូចសម័យប៉ុលពត តែម្តងព្រោះមេរោគកូវីដ វាសាហាវដូចក្រុមប៉ុលពតអញ្ចឹង ដូច្នេះនៅក្នុងព្យុះកូវីដនេះគឺជាសម័យកាល ឲ្យមនុស្សរស់នៅក្នុងភាពអនាម័យ ជាប្រចាំនិងរស់នៅដោយមាន សណ្តាប់ធ្នាប់ផងដែរ។ សុំឲ្យបងប្អូនខ្មែរជួបតែសុខ”។
ជាមួយគ្នានោះ លោក ពេជ្រ ស្រស់ បានលើកឡើងបន្ថែមថា “ការស្លាប់ដោយសារគ្រោះថ្នាក់ចរាចរណ៍ គឺត្រូវបានថយចុះបែរជាមកស្លាប់ ដោយសារកូវីដរាល់ថ្ងៃវិញម្តង ព្រោះតែការ
ធ្វេសប្រហែស តើដល់ពេលណាទើបពលរដ្ឋប្រុងប្រយ័ត្ន “។
សូមបញ្ជាក់ថា គិតត្រឹមព្រឹក ថ្ងៃទី២ ខែឧសភា ឆ្នាំ២០២១ កម្ពុជាមានអ្នកឆ្លងជំងឺកូវីដ១៩ សរុបចំនួន ១៤ ៥២៩នាក់ ក្នុងនោះបានព្យាបាល ជាសះស្បើយ ៥៣៦៩នាក់ និងកំពុងសម្រាកព្យាបាល ៩០៤០នាក់
អ្នកស្លាប់ ១០៣នាក់៕