ព័ត៌មានជាតិ

កញ្ចប់១ ក្តីស្រលាញ់១ 2021» ស្មារតីប្រជាជាតិខ្មែរ កំឡុងពេលកូវីដ-១៩

ព្រឹត្តិការណ៍កូវីដ១៩ ឆ្លងក្នុងសហគមន៍២០កុម្ភៈ បានអូសបន្លាយ ជាច្រើនសប្តាហ៍មកហើយ។ បញ្ហានេះបានកំពុងបន្តនាំមកនូវ ផលលំបាកជាច្រើនដល់សង្គមកម្ពុជា ទាំងផ្នែកសុខាភិបាល និងសេដ្ឋកិច្ច។ ផលប៉ះពាល់ដោយផ្ទាល់ និងប្រយោល មានសឹងគ្រប់ទីកន្លែង ជាពិសេស រាជធានីភ្នំពេញ ដែលនាពេលបច្ចុប្បន្ននេះ កំពុងស្ថិតក្នុងស្ថានការណ៍ ដ៏តានតឹង ដោយសារ តែករណី នៃជំងឺកូវីដ១៩ បន្តកើនឡើងគួរឲ្យព្រួយបារម្ភជាខ្លាំង។

ការថមថយ នៃសកម្មភាព សេដ្ឋកិច្ច ការធ្លាក់ចុះនៃប្រាក់ចំណួល និងការបិទខ្ទប់សហគមន៍មួយ ចំនួនដើម្បីការពារ ការរីករាលដាល រឹតតែធ្វើអោយជីវភាពប្រចាំថ្ងៃ របស់បងប្អូនប្រជាពលរដ្ឋ មួយចំនួនដែល កំពុងរកព្រឹកខ្វះល្ងាចស្រាប់ រឹតតែជួបនូវវិបត្តិ កាន់តែធ្ងន់ធ្ងរ។

ដោយបានមើលឃើញ ពីភាពលំបាកទាំងនេះ និងក្នុងស្មារតីប្រជាជាតិខ្មែរ ដែលតែងតែជួយគ្នា ក្នុងគ្រាលំបាក សភាយុវពាណិជ្ជករអន្តរជាតិ កម្ពុជា (ហៅកាត់ថា JCI) សហការជាមួយអាជ្ងាធរ ក្នុងតំបន់ផ្តួចផ្តើម បង្កើតឡើង នូវកម្មវិធី សប្បុរសធម៌ថ្មីមួយទៀត គឺ «កញ្ចប់១ ក្តីស្រលាញ់១ 2021» ដើម្បីចូលរួមជាផ្នែកមួយ នៃចលនាកៀគរ សប្បុរសជន និងការឧបត្ថម្ភជាចំនីអាហារ ជូនដល់បងប្អូន ដែលកំពុងជួបការលំបាកខ្វះខាត រស់នៅក្នុងតំបន់ក្រហម និងតំបន់ដទៃទៀត ដែលងាយរងគ្រោះ។

ជំហានដំបូងនេះ សភាយុវពាណិជ្ជករ អន្តរជាតិកម្ពុជា សូមអំពាវនាវ ដល់សមាជិកសមាជិកា និងសាធារណជនទាំងអស់ ដែលមានបំណងចង់បរិច្ចាគ ឬជួយឧបត្ថម្ភដល់បងប្អូន ដែលជួបការលំបាក ប្រចាំថ្ងៃខ្លាំង ក្នុងអំឡុងពេលបិទខ្ទប់ ប្រមាណ ៧០០គ្រួសារ រស់នៅក្នុងតំបន់ក្រហម សង្កាត់បឹងទំពុន ខណ្ឌមានជ័យ រាជធានីភ្នំពេញ។

ក្រុមការងារ របស់សភាយុវពាណិជ្ជករ អន្តរជាតិកម្ពុជា សូមស្វាគមន៍ សម្រាប់ការឧបត្ថម្ភពី សំណាក់សប្បុរសជន គ្រប់ទិសទីចាប់ពីថ្ងៃនេះតទៅ។

សម្រាប់ព័ត៌មានបន្ថែម ទាក់ទងទៅនឹង​ កម្មវិធីសប្បុរសធម៌ និងចូលរួមឧបត្ថម្ភ សូមទំនាក់ទំនង ទៅកាន់លេខទូរស័ព្ទ 093 333 000៕

To Top