នយោបាយ

លោក ផៃ ស៊ីផាន ៖ វិធានបិទខ្ទប់ ឆ្លើយតបស្ថានភាព ជាក់ស្តែង នៃវិធាន សុខាភិបាល (Video)

ភ្នំពេញ ៖ អ្នកនាំពាក្យរាជរដ្ឋាភិបាល លោក ផៃ ស៊ីផាន បានថ្លែងថា វិធានបិទខ្ទប់ ត្រូវបានអនុវត្ត ដើម្បីឆ្លើយតប នឹងស្ថានភាពជាក់ស្តែង នៃវិធានសុខាភិបាល ក្នុងការទប់ស្កាត់ការរីករាលដាល នៃជំងឺកូវីដ-១៩ ។

ការថ្លែងរបស់លោកនេះ បន្ទាប់ពីលោក សម រង្ស៊ី បានសរសេរលើបណ្ដាញ សង្គមហ្វេសប៊ុកថា អ្នកច្បាប់អន្ដរជាតិ កំពុងតែពិនិត្យលទ្ធភាព ប្ដឹងសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រី នៃកម្ពុជា ទៅតុលាការព្រហ្មទណ្ឌអន្ដរជាតិ (lCC) ពីឧក្រិដ្ឋកម្មប្រឆាំង មនុស្សជាតិ ទាក់ទងការបិទខ្ទប់ និងបង្អត់អាហារប្រជាពលរដ្ឋ រាប់សែននាក់នៅទីក្រុងភ្នំពេញ ។

ជាការឆ្លើយទៅ នឹងលោកសម រង្ស៊ី នោះ លោក ផៃ ស៊ីផាន បានបញ្ជាក់តាមហ្វេសប៊ុក ផ្ទាល់ខ្លួននៅថ្ងៃ២ ឧសភាថា នៅលើលោកនេះ សេរីភាពត្រូវបានកំណត់ ដោយវិធាន រដ្ឋបាលនៃច្បាប់ ទោះជានៅប្រទេស ណាក៏ដោយ ។

លោកបន្ដថា «វិធានបិទខ្ទប់ត្រូវ បានអនុវត្តឆ្លើយតប នឹងស្ថានភាពជាក់ស្តែង នៃវិធានសុខាភិបាល ដែលគ្មានជម្រើសណាទាល់តែសោះ។ ការរំលោភវិធានការ បិទខ្ទប់ព្រំដែន រវាងអូស្រ្តាលី និងឥណ្ឌា ត្រូវជាប់ទណ្ឌកម្មជាប់គុក៥ឆ្នាំ បើប្រជាពលរដ្ឋអូស្រាលី រំលោភបំពាន»។

សូមរំលឹកថា រាជរដ្ឋាភិបាលកម្ពុជា នាពេលថ្មីៗនេះ សម្រេចជ្រើសយកវិធានការ បន្ដបិទខ្ទប់រាជធានីភ្នំពេញ និងក្រុងតាខ្មៅ នៃខេត្តកណ្ដាល ដើម្បីទប់ស្កាត់ការ ឆ្លងរីករាលដាល ជំងឺកូវីដ១៩ ៕

To Top