ព័ត៌មានជាតិ

លោក ជិន ម៉ាលីន ៖ រាល់ជំនួយ របស់តំណាងរាស្ដ្រ ផ្ដល់ជូនតាមរយៈអាជ្ញាធរ ដើម្បីចែកជូនប្រជាពលរដ្ឋ

ភ្នំពេញ ៖ លោក ជិន ម៉ាលីន អនុប្រធាន និងជាអ្នកនាំពាក្យ គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា លើកឡើងថា រាល់ជំនួយ របស់តំណាងរាស្រ្ត អាចផ្តល់ឲ្យបានតាមរយៈអាជ្ញាធរ ដោយអនុវត្តវិធានការបិទខ្ទប់ ហើយអាជ្ញាធរមានសិទ្ធិ ចេញ-ចូល ឆ្លងកាត់តំបន់ក្រហមបាន។

ថ្មីៗនេះ ក្រុមអ្នកឃ្លាំមើលសង្គម និងមន្រ្តីអង្គការសង្គម ស៊ីវិលមួយចំនួនទៀត បានជំរុញឲ្យតំណាងរាស្រ្តក្នុងមណ្ឌលភ្នំពេញគួរតែចុះសួរសុខទុក្ខ និងពិនិត្យមើល លើបញ្ហាប្រឈម របស់ប្រជាពលរដ្ឋ នៅរស់នៅតំបន់ក្រហម។

យោងតាមគេហទំព័រហ្វេសប៊ុក របស់ លោក ជិន ម៉ាលីន នាថ្ងៃទី៣ ខែឧសភា ឆ្នាំ២០២១ បានឆ្លើយតបវិញថា តើអ្នកបង្ហោះសារទាមទារនោះ សុទ្ធតែបាន បោះឆ្នោតឲ្យអ្នកតំណាងរាស្រ្ត ទាំងនោះដែរឬទេ ឬ មួយគ្រាន់តែចង់ បណ្តុះបង្អាប់? តែទោះជាយ៉ាងណា តំណាងរាស្រ្តជាប់ឆ្នោត គឺតំណាងឲ្យរាស្រ្តទូទាំង ប្រទេស ដោយមិនត្រូវប្រកាន់និន្នាការ នយោបាយអ្វីនោះឡើយ។

លោកបញ្ជាក់ថា «នៅក្នុងតំបន់ក្រហម វិធានរឹតត្បិតតឹងរឹង រាល់ការធ្វើដំណើរនិងសកម្មភាពនានាត្រូវបានហាមឃាត់ រួមទាំងតំណាងរាស្រ្តផងដែរ ដើម្បីទប់ស្កាត់ការឆ្លងរាលដាលកូវីដ-១៩។ ដូច្នេះ រាល់ជំនួយ របស់តំណាងរាស្រ្ត អាចផ្តល់ឲ្យបានតាមរយៈ និងដោយសហការជាមួយអាជ្ញាធរ មានសមត្ថកិច្ចអនុវត្តវិធានការ បិទខ្ទប់ដែលមានសិទ្ធិចេញ ចូលឆ្លងកាត់តំបន់ក្រហមនោះបាន»។

លោក ជិន ម៉ាលីន ក៏បានរំលឹកថា នាពេលកន្លងមក មានអង្គការសង្គមស៊ីវិលមួយចំនួន ទាមទារចុះចែកអំណោយ ក្នុងតំបន់ក្រហមដោយខ្លួនឯង តាមបែបអនាធិបតេយ្យតែមិនត្រូវបានអនុញ្ញាតនោះទេ ព្រោះបំពានវិធានការបិទខ្ទប់។ អង្គការសង្គមស៊ីវិលទាំងនោះ មិនព្រមស្តាប់តាមការណែនាំ និងសហការជាមួយ សមត្ថកិច្ចនោះទេ តែបែរជាធ្វើការរិះគន់ និងចោទប្រកាន់សមត្ថកិច្ចទៅវិញ។

សូមរំលឹកថា កាលពីថ្ងៃទី២ ខែឧសភា ឆ្នាំ២០២១ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានប្រកាសថា នឹងមិនបន្ដបិទរាជធានីភ្នំពេញ និងតាមបណ្ដាខេត្តទៀតឡើយ គ្រាន់តែបិទតំបន់តូចៗមួយចំនួន មានហានិភ័យខ្ពស់នៃការឆ្លងរីករាលជំងឺកូវីដ១៩ប៉ុណ្ណោះ៕

To Top