ព័ត៌មានជាតិ

ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង បញ្ចេញស្បៀង ជាច្រើនមុខរួមនឹងម៉ាស ទាំងយប់ ដើម្បីយកទៅចែក ជូនអ្នកខ្វះខាត

ភ្នំពេញ: ដោយអនុវត្តតាម ការដឹកនាំរបស់ លោកនាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង កងយោធពលខេមរភូមិន្ទ មេបញ្ជាការកងរាជអាវុធហត្ថ លើផ្ទៃប្រទេស នាយប់ថ្ងៃទី០២ ខែឧសភា ឆ្នាំ២០២១ លោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង ដែលជាមេបញ្ជាការរង កងរាជអាវុធហត្ថលើផ្ទៃប្រទេស និងជាមេបញ្ជាការ កងរាជអាវុធហត្ថរាជធានីភ្នំពេញ បានបញ្ចេញ ស្បៀងចម្រុះ បើកជូនដល់នាយទាហាន ដែលជាប្រធានអង្គភាព ចំណុះបញ្ជាការដ្ឋាន កងរាជអាវុធហត្ថរាជធានីភ្នំពេញ ទាំងយប់ ដើម្បីយកទៅចែក ជូនបន្តដល់គ្រួសារសមាជិក អាវុធហត្ថ ក៏ដូចជាប្រជាពលរដ្ឋ ខ្វះខាតជាក់ស្តែង ក្នុងវិបត្តិកូវីដ-១៩។

ថ្លែងក្នុងឱកាស បើកស្បៀងនោះផងដែរ លោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង បានមានប្រសាសន៍ផ្តាំផ្ញើថា ក្នុងនាមលោកជា មេបញ្ជាការ លោកមិនបណ្តោយឲ្យគ្រួសារសមាជិកអាវុធហត្ថរាជធានីភ្នំពេញណាម្នាក់ ដាច់បាយជាដាច់ខាត ជាពិសេសក្នុងវេលាដែលគ្រប់គ្នាជួបការលំបាកព្រោះវិបត្តិកូវីដ-១៩នាពេលនេះ លោករឹតតែត្រូវយកចិត្តទុកដាក់ទទួលខុសត្រូវខ្ពស់ ចំពោះជីវភាពក្រុមគ្រួសារបងប្អូន សមាជិក អាវុធហត្ថរាជធានីភ្នំពេញគ្រប់គ្នា ដោយសិល្បៈ ចែករំលែក។ ជាក់ស្តែងស្បៀង នៅចំពោះមុខនេះ គឺបានមកពីសប្បុរជនខ្លះ និងសល់ពីការសន្សំសំចៃ ក្នុងអង្គភាពខ្លះ លោកសូមធ្វើការបែងចែក ជូនដល់ប្រធានអង្គភាព ចំណុះបញ្ជាការដ្ឋានកងរាជអាវុធហត្ថ រាជធានីភ្នំពេញ ទាំងអស់ សូមយកទៅផ្តល់ជូន ដល់មុខសញ្ញាខ្វះខាត ជាក់ស្តែង ទាំងក្នុងអង្គភាពរៀងខ្លួន ក៏ដូចជាប្រជាពលរដ្ឋក្នុងមូលដ្ឋានរបស់ខ្លួន ផងដែរ តែសូមកុំភ្លេចអនុវត្ត ឲ្យបានខ្ជាប់ខ្ជួន នូវវិធានការ របស់សម្តេចអគ្គមហាសេនាបតី តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា គឺ ៣ការពារ ៣កុំ។

ស្បៀងទាំងនោះ រួមមាន អង្ករ ត្រីខ ទឹកត្រី មី ទឹកសុទ្ធ ស្កគ្រាប់ ព្រមទាំងម៉ាស់ សម្រាប់ ៣០៥គ្រួសារ ដោយក្នុង១គ្រួសារទទួលបាន អង្ករមួយការ៉ុង=៥០Kg មី០១កេស ត្រីខ២យួរ ទឹកត្រី០១យួរ ទឹកសុទ្ធ ២កេស ម៉ាស៥០ ស្កគ្រាប់៤កញ្ចប់ ៕

To Top