ភនំពេញ ៖ រាជរដ្ឋាភិបាល បានឲ្យដឹងថា ការដាក់ចេញវិធានការបិទខ្ទប់សម្រាប់ផ្នែកណាមួយ នៃភូមិសាស្រ្តរាជធានីភ្នំពេ ញ និងក្រុងតាខ្មៅ នៃខេត្តកណ្តាល ឬវិធានការចាំបាច់ផ្សេងៗទៀត ដើម្បីប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩ គឺអភិបាលរាជធានី ភ្នំពេញ និងខេត្តកណ្ដាល អាចបិទខ្ទប់តំបន់ណាមួយក្រោមសមត្ថកិច្ចរបស់ខ្លួន។

តាមរយៈសេចក្ដីសម្រេចរបស់រាជរដ្ឋាភិបាល នាថ្ងៃទី៣ ខែឧសភា ឆ្នាំ២០២១ បានឱ្យដឹងទៀតថា រាជរដ្ឋាភិបាលសម្រេច បញ្ចប់បិទខ្ទប់ភូមិសាស្ដ្ររាជធានីភ្នំពេញ និងក្រុងតាខ្មៅ នៃខេត្តកណ្ដាល ដោយអនុវត្តចាប់ពីថ្ងៃទី៦ ឧសភា តទៅ ដោយ ជំនួសមកវិញនូវវិធានការថ្មី សំដៅបង្ការការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ របស់អភិបាលរាជធានីភ្នំពេញ និងអភិបាលខេត្តកណ្ដាល។
រាជរដ្ឋាភិបាល បញ្ជាក់យ៉ាងដូច្នេះថា «ការដាក់ចេញវិធានការបិទខ្ទប់សម្រាប់ផ្នែកណាមួយ នៃភូមិសាស្រ្តរាជធានីភ្នំពេញ ឬក្រុងតាខ្មៅ នៃខេត្តកណ្តាល ព្រមទាំង ការដាក់ចេញវិធានការចាំបាច់ផ្សេងទៀត ដើម្បីប្រយុទ្ធ និងទប់ស្កាត់ការឆ្លងរាល ដាលនៃជំងឺកូវីដ-១៩ គឺជាសមត្ថកិច្ចរបស់គណៈអភិបាលរាជធានីភ្នំពេញ សម្រាប់ភូមិសាស្រ្តរាជធានីភ្នំពេញ ឬគណៈអភិបាលខេត្តកណ្តាលសម្រាប់ភូមិសាស្ត្រក្រុងតាខ្មៅ នៃខេត្តកណ្តាល ដោយផ្អែកតាមស្ថានភាពវិវត្តន៍ នៃការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ នៅក្នុងភូមិសាស្ត្រស្ថិតក្រោមសមត្ថកិច្ចរបស់ខ្លួន»។

ក្នុងករណីនេះដែរ លោក គឹម សន្តិភាព រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងយុត្តិធម៌ បានសរសេលើបណ្តាញសង្គមហ្វេសប៊ុក នាយប់ថ្ងៃទី៣ ឧសភា ថា «ហេតុនេះ ភូមិសាស្ត្ររាជធានីភ្នំពេញ និងក្រុងតាខ្មៅ នៃខេត្តកណ្តាល នៅតែអនុវត្តវិធានការបិទខ្ទប់រហូតដល់មុនម៉ោងសូន្យ នៃថ្ងៃទី ៦ ខែឧសភា ឆ្នាំ២០២១»។
លោក បន្ដថា ត្រូវបន្តអនុវត្តវិធានការថ្មី ដែលនឹងត្រូវបានដាក់ចេញដោយ អភិបាលរាជធានីភ្នំពេញ និងអភិបាលខេត្តកណ្តាល ចាប់ពីថ្ងៃទី៦ ឧសភា តទៅ សំដៅបង្ការការឆ្លងរាលដាលនៃជំងឺកូវីដ-១៩»។
សូមរំលឹកថា ក្នុងគោលបំណង ដើម្បីទប់ស្កាត់ការឆ្លងរាលដាល នៃជំងឺកូវីដ-១៩ រាជរដ្ឋាភិបាលបានសម្រេច បិទខ្ទប់ភូមិសាស្រ្ត រាជធានីភ្នំពេញ និងក្រុងតាខ្មៅ នៃខេត្តកណ្តាល ជាបណ្តោះអាសន្នចាប់តាំងពីថ្ងៃទី១៥ ខែមេសា ឆ្នាំ២០២១ក្នុងគោលបំណង ធានាដល់ប្រសិទ្ធភាព នៃការគ្រប់គ្រងការឆ្លងរាលដាល នៃជំងឺកូវីដ-១៩ នៅក្នុងភូមិសាស្រ្ត រាជធានីភ្នំពេញ និងក្រុងតាខ្មៅ នៃខេត្តកណ្តាល និងទប់ស្កាត់ជំងឺនេះ មិនឱ្យឆ្លងរាលដាលទៅ តំបន់ផ្សេងទៀត៕

