ភ្នំពេញ៖ រដ្ឋបាលខេត្តព្រះសីហនុ នៅយប់ថ្ងៃទី៣ ខែឧសភា ឆ្នាំ២០២១ បានឱ្យដឹង ថាមានកម្មករព្យួរកិច្ចសន្យាការងារ នៃរោងចក្រញ៉ូវស្តារ ម្នាក់ឈ្មោះ លី សុភា ភេទស្រី កើតនៅថ្ងៃទី០៣ ខែមីនា ឆ្នាំ១៩៩៧ កាន់អត្តសញ្ញាណប័ណ្ណលេខ ០៨០០៩៧៩១៦ បានលួចគេចវេះចេញ តំបន់បិទខ្ទប់ នៃខេត្តព្រះសីហនុ ធ្វើដំណើរទៅខេត្តស្ទឹងត្រែង (លទ្ធផលមានវិជ្ជមានកូវីដ-១៩) ហើយអ្នកជំងឺរូបនេះ បានប៉ះពាល់ ដោយប្រយោល ជាមួយកម្មករ ដែលបានព្យួរកិច្ចសន្យា ការងារជាមួយគ្នាចំនួន ២០នាក់ បន្ថែមទៀត នៃរោងចក្រញ៉ូវស្តារ ក្នុងខេត្តព្រះសីហនុ។
ទង្វើរបស់បុគ្គលខាងលើនេះ គឺជាអំពើដោយចេតនា មិនគោរពវិធានការរដ្ឋបាល ដែលមានចែង នៅក្នុងមាត្រា៤ និងមាត្រា១០ នៃច្បាប់ស្តីពីវិធានការទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ និងជំងឺឆ្លងកាចសាហាវ និងប្រកបដោយគ្រោះថ្នាក់ធ្ងន់ធ្ងរ ផ្សេងទៀត។
អាស្រ័យដូចបានជម្រាបជូនខាងលើ សូមអភិបាលខេត្តស្ទឹងត្រែង មេត្តាចាត់វិធានការច្បាប់ចំពោះ បុគ្គលល្មើសខាងលើ ឱ្យបានតឹងរ៉ឹងបំផុត ៕