ភ្នំពេញ៖ ស្របេពេលដែល ប្រទេសកម្ពុជា កំពុងជួបប្រទះនូវវិបត្តិ ការឆ្លងរីករាលដាលជំងឺកូវីដ១៩ ក្នុងសហគមន៍២០ កុម្ភៈ និងឈានទៅដល់ការបិទខ្ទប់រាជធានីភ្នំពេញ និងក្រុងតាខ្មៅនៃខេត្តកណ្ដាល លោក កឹម សុខា អតីតប្រធានគណបក្សប្រឆាំង បានលើកឡើងថា ពេលជួបវិបត្តិម្តងៗ យើងតែងតែត្រូវការជំនួយជាសម្ភារ ថវិកា បច្ចេកទេស ក៏ដូចជាទស្សនៈស្មារតីពីសហគមន៍អន្តរជាតិ ដូចដែលយើងធ្លាប់ បានធ្វើនិងបានទទួលកន្លងមក ។
ដោយលោក អះអាងថា មិនត្រូវអស់សង្ឃឹម មិនត្រូវបោះបង់ ឬ ទាត់ចោលនូវជំនួយ ដែលស្មោះត្រង់ ពីមិត្តរបស់យើងនោះទេ។
ការលើកឡើងរបស់ លោក កឹម សុខា បែបនេះ ធ្វើឡើងនៅក្នុងជំនួបពិភាក្សាការងារ ជាមួយលោកស្រី Carmen Moreno ឯកអគ្គរដ្ឋទូត សហភាពអឺរ៉ុប ប្រចាំព្រះរាជាណាចក្រកម្ពុជា នៅគេហដ្ឋានរបស់លោក នៅរសៀលថ្ងៃទី៤ ខែឧសភា ឆ្នាំ២០២១ ក្នុងរាជធានីភ្នំពេញ។
តាមរយៈបណ្ដាញសង្គមហ្វេសប៊ុក លោក កឹម សុខា បានឱ្យដឹងថា ការជួបពិភាក្សា និង ផ្លាស់ប្តូរទស្សនៈគ្នាក្នុងកាលៈទេសៈដ៏ចង្អៀតនេះ ពិតជាមានសារសំខាន់ ដោយយើងបានស្វែងយល់ពីគ្នាទៅវិញទៅមក អំពីទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការ លើកម្មវិធីនានា រវាងប្រទេសកម្ពុជា និង សហភាពអឺរ៉ុប កន្លងមក បច្ចុប្បន្ន និង នៅពេលខាងមុខ ដូចជាការរីករាលដាល នៃជម្ងឺឆ្លងកូវីដ-១៩ បញ្ហាសេដ្ធកិច្ច ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ និង បញ្ហាចំពោះមុខមួយចំនួនទៀត។
លោក បន្ថែមថា «ស្ថិតក្នុងស្ថានភាពពិភពលោក ក៏ដូចជាក្នុងព្រះរាជាណាចក្រកម្ពុជា បាននិងកំពុងជួបប្រទះនូវបញ្ហានានា គួរឲ្យកត់សំគាល់ ជាពិសេសក្នុងពេលថ្មីៗឆ្នាំ២០២១នេះ ជារៀងរាល់ខែ លើកលែងតែជិតមួយខែ ក្នុងវិធានការបិទខ្ទប់នេះ ខ្ញុំតែងតែជួបសួរសុខទុក្ខ ជួយជាជំនួយមនុស្សធម៌ខ្លះៗ តាមលទ្ធភាពដែលអាចធ្វើបានចំពោះ បងប្អូនជនរួមជាតិខ្មែរ ដោយផ្ទាល់នៅតាមមូលដ្ឋាន ខេត្តនានា ក្នុងព្រះរាជាណាចក្រកម្ពុជា។ ហើយក្នុងរយៈពេលរៀងរាលខែនេះដែរ ខ្ញុំក៏បានជួបជាមួយឯកអគ្គរាជទូត ឯកអគ្គរដ្ឋទូត នៃបណ្តាប្រទេសជាមិត្តរបស់កម្ពុជាមួយចំនួន ពិភាក្សា ប្តូរទស្សនៈគ្នានិង សុំឲ្យប្រទេសជាមិត្តទាំងនោះ បន្តជួយដល់ប្រជាពលរដ្ឋខ្មែរ តទៅទៀត»។
លោក កឹម សុខា បានលើកឡើងថា «ខ្ញុំនៅតែយល់ឃើញថា កម្ពុជាយើងជាប្រទេសតូច ប្រជាពលរដ្ឋក្រីក្រ ពេលជួបវិបត្តិម្តងៗ យើងតែងតែត្រូវការជំនួយជាសម្ភារៈ ថវិកាបច្ចេកទេស ក៏ដូចជាទស្សនៈស្មារតីពីសហគមន៍អន្តរជាតិ ដូចដែលយើងធ្លាប់ បានធ្វើនិងបានទទួលកន្លងមក មិនត្រូវអស់សង្ឃឹម មិនត្រូវបោះបង់ ឬ ទាត់ចោលនូវជំនួយ ដែលស្មោះត្រង់ ពីមិត្តរបស់យើងនោះទេ»។
លោកបញ្ជាក់បន្ថែមថា ក៏ប៉ុន្តែដូចដែលលោកធ្លាប់ បាននិយាយ និងបានធ្វើជាបន្តបន្ទាប់ មកហើយ គឺសំខាន់ណាស់អ្វីៗ ត្រូវតែចាប់ផ្តើមចេញ ពីយើងជាខ្មែរនិងខ្មែរ ដូចជាការស្គាល់សុខទុក្ខ របស់ប្រជាពលរដ្ឋ និង ប្រទេសជាតិយើង ចេះស្រឡាញ់រាប់អានគ្នា ចេះចូលរួមជួយគ្នាក្នុងគ្រាលំបាក ចេះអត់ឱនឲ្យគ្នា ជាពិសេស «សាមគ្គីភាពរវាងខ្មែរ និង ខ្មែរ» ដោយមិនមែនចេះតែបំបែកបំបាក់ខ្មែរ ដើម្បីមហិច្ឆិតារៀងៗ ខ្លួននោះទេ ៕