ភ្នំពេញ៖នៅរសៀលថ្ងៃពុធ ទី៥ ខែឧសភា ឆ្នាំ២០២១ លោក ណុប ដារ៉ា អភិបាលរង ខេត្ត បានអញ្ជើញដឹកនាំកិច្ចប្រជុំពិភាក្សាអំពីការគ្រប់គ្រងសន្តិសុខ និងសណ្តាប់ធ្នាប់នៅតាមគោលដៅ និងតំបន់ចត្តាឡីស័កក្នុងខេត្តបាត់ដំបង ដើម្បីទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-១៩។
លោក ណុប ដារ៉ា បានណែនាំដល់គណៈបញ្ជាការឯកភាពក្រុង-ស្រុក និងកងកម្លាំងគ្រប់ផ្នែក ត្រូវយកចិត្តទុកដាក់បំពេញការងារ ជាពិសេសត្រូវពង្រឹងការអនុវត្តវិធានសុខាភិបាល និងវិធានការនានាប្រឆាំងនឹងកូវីដ-១៩។
ក្នុងនោះដែរ លោក បានបន្ថែមថា គណៈបញ្ជាការឯកភាពក្រុង-ស្រុក និងកងកម្លាំងគ្រប់ផ្នែកទាំងអស់ត្រូវពង្រឹងការងារផ្នែកសន្តិសុខ សណ្តាប់ធ្នាប់ ទាំងនៅក្នុងមណ្ឌលចត្តាឡីស័ក និងនៅក្នុងមូលដ្ឋានផងដែរ ជាពិសេសត្រូវកសាងសំណុំរឿងចាត់ការតាមច្បាប់ ចំពោះជនណាដែលល្មើសវិធានការទប់ស្កាត់ជំងឺកូវីដ-១៩ របស់រាជរដ្ឋាភិបាល និងរដ្ឋបាលខេត្ត ដោយមិនយោគយល់ដាច់ខាត។
ជាចុងក្រោយ លោកបានណែនាំឱ្យកងកម្លាំងគ្រប់ប្រភេទទាំងអស់ ត្រៀមខ្លួនជានិច្ច ដើម្បីអន្តរាគមន៍អ្នកជំងឺ ឬបុគ្គលពាក់ព័ន្ធ ឬទីតាំងដែលមិនសហការជាមួយអាជ្ញាធរ ប្រធានមណ្ឌល និងគណៈបញ្ជាការឯកភាពក្រុង-ស្រុក៕









