ព័ត៌មានជាតិ

ក្រសួងអប់រំ នឹងដាក់ឱ្យដំណើរការ កម្មវិធីទូរសព្ទដៃឆ្លាតវៃ សម្រាប់សិស្សានុសិស្ស សិក្សាតាមអនឡាញ

ភ្នំពេញ៖ ក្រសួងអប់រំ យុវជន និងកីឡា នៅថ្ងៃទី៧ ខែឧសភា ឆ្នាំ២០២១ ស្អែកនេះ នឹងដាក់ឱ្យដំណើរការ កម្មវិធីទូរសព្ទ ដៃឆ្លាតវៃមានឈ្មោះថា កម្មវិធីស្វ័យសិក្សា (MoEYS E-Leaming) សម្រាប់សិស្សានុសិស្ស សិក្សាតាមប្រពន្ធអនឡាញ។

តាមរយៈ សេចក្ដីជម្រាបជូន មន្ទីរអប់រំ យុវជន និងកីឡារាជធានី-ខេត្ត កាលពីថ្ងៃទី៥ ឧសភា បានឱ្យដឹងថា ក្រសួងអប់រំ សហការជាមួយ សហភាពសហព័ន្ធយុវជនកម្ពុជា ផលិតកម្មវិធីទូរសព្ទដៃឆ្លាតវៃមានឈ្មោះថា កម្មវិធីស្វ័យសិក្សា MoEYS E-Leaming។

ក្រសួងបន្ដថា កម្មវិធីនេះ ត្រូវបានបង្កើតឡើងស្របតាមចក្ខុវិស័យរបស់ក្រសួង និងបរិបទឧស្សាហកម្ម ៤.០ ក៏ដូចជា ការឆ្លើយតបទៅនឹងវិបត្តិ នៃជំងឺកូវីដ-១៩ ដែលកំពុងរីករាលដាលនៅក្នុង ប្រទេសកម្ពុជា និងសកលលោក។

ក្រសួង បន្ថែមថា កម្មវិធីស្វ័យសិក្សាតាមប្រព័ន្ធអេឡិចត្រូនិកនេះ មានវីដេអូសិក្សាពីថ្នាក់ទី១ ដល់ ថ្នាក់ទី១២ សៀវភៅសិក្សាអេឡិចត្រូនិក ដូចជា៖ សៀវភៅសិក្សាគោល សៀវភៅកំណែអំណានទូទៅ ចំណេះដឹងសកល រឿងនិទាន កម្មវិធីតេស្តសមត្ថភាពសិស្ស និងទំព័រព័ត៌មានអប់រំ។

ក្រសួងអប់រំ បញ្ជាក់ថា «ក្រសួង គ្រោងនឹងដាក់ដំណើរការកម្មវិធីនេះ ឱ្យប្រើប្រាស់ជាផ្លូវការចាប់ពីថ្ងៃទី៧ ខែឧសភា ឆ្នាំ២០២១ ដែលសិស្សានុសិស្ស អ្នក អាណាព្យាបាលសិស្ស គ្រូបង្រៀន និងសាធារណជនទូទៅ អាចទាញយកនៅលើ PlayStore AppStore និង App Gallery ឬ តាមរយៈតំណ http://onelink.to/moeysapp ដើម្បីយកមកប្រើប្រាស់»៕


Warning: Attempt to read property "term_id" on false in /var/www/dap-news.com/htdocs/wp-content/themes/flex-mag/functions.php on line 999
To Top