ភ្នំពេញ៖ ក្រសួងសាធារណការ និងដឹកជញ្ជូន បានបើកដំណើរការឡើងវិញ ការផ្ដល់សេវាសាធារណៈជូនប្រជាពលរដ្ឋ ចាប់ពីថ្ងៃទី៦ ខែឧសភា ឆ្នាំ២០២១ តទៅ ក្រោយពីផ្អាកមួយរយៈដោយសារជំងឺកូវីដ-១៩ រីករាលដាលខ្លាំង ក្នុងនោះ ក្រសួងក៏ណែនាំដល់ប្រជាពលរដ្ឋ ត្រូវគោរពវិធានការសុខាភិបាលផងដែរ។
តាមរយៈបណ្ដាញទំនាក់ទំនងសង្គមហ្វេសប៊ុក នាព្រឹកថ្ងៃទី៦ ខែឧសភា ឆ្នាំ២០២១ ក្រសួងសាធារណការ បានបញ្ជាក់យ៉ាងដូច្នេះថា «ចាប់ពីថ្ងៃទី៦ ឧសភា នេះតទៅ មណ្ឌលផ្តល់សេវាសាធារណៈ នៅទីតាំងទីស្តីការក្រសួង, មណ្ឌលផ្តល់សេវាសាធារណៈទីតាំងជីបម៉ុង ណូរ៉ូមល, មណ្ឌលផ្តល់បណ្ណបើកបរទីតាំងផ្សារទំនើបអ៊ីអន១ & អ៊ីអន២, មណ្ឌលត្រួតពិនិត្យ លក្ខណៈបច្ចេកទេសយានយន្តគ្រប់ទីតាំង នឹងបើកដំណើរការឡើងវិញ»។
ក្រសួង ក៏បានអំពាវនាវដល់ ប្រជាពលរដ្ឋគោរពគោលការណ៍ ៣កុំ ៣ការពារ របស់រាជរដ្ឋាភិបាល ក៏ដូចជា ក្រសួងសុខាភិបាល ដើម្បីទប់ស្កាត់ការឆ្លងរីករាលដាល នៃជំងឺកូវីដ១៩ ៕