ព័ត៌មានជាតិ

ឆេះផ្សារត្រាំកក់ខូចខាត សម្ភារទាំងស្រុង៣៥តូប និងប៉ះពាល់តិចតួច១៥តូប

ភ្នំពេញ៖ នៅយប់ថ្ងៃទី៥ ខែឧសភា ឆ្នាំ២០២១ វេលាម៉ោង១៨ និង២០នាទី លោកឧត្តមសេនីយ៍ទោ សុខ សំណាង ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តតាកែវ ក្រោយពីទទួលបានព័ត៌មាន ស្តីពីករណីអគ្គិភ័យឆាបឆេះ ផ្សារត្រាំកក់ ភ្លាមលោកស្នងការ បានបញ្ជាដឹកនាំកម្លាំង នគរបាលការិយាល័យជំនាញ បង្ការពន្លត់ និងសង្គ្រោះអគ្គិភ័យ របស់ស្នងការដ្ឋាន នគរបាលខេត្ត សហការជាមួយកម្លាំង អធិការដ្ឋាន នគរបាលស្រុកត្រាំកក់ និងកម្លាំងពាក់ព័ន្ធ ចុះជួយពន្លត់អគ្គិភ័យ ដែលឆាបឆេះផ្សារត្រាំកក់ ស្ថិតនៅភូមិត្រពាំងរំពាក់ ឃុំត្រាំកក់ ស្រុកត្រាំកក់ ខេត្តតាកែវ។

ក្នុងកិច្ចប្រតិបត្តិការជួយសង្គ្រោះនោះដែរ លោកស្នងការ ប្រើប្រាស់ឡានទឹកស្នងការដ្ឋាននគរបាលខេត្តតាកែវ ចំនួន ៣ គ្រឿង ស្រុកត្រាំកក់ ១គ្រឿង ស្រុកទ្រាំង ១គ្រឿង ស្រុកសំរោង ១គ្រឿង ស្រុកបាទី ១គ្រឿង ស្រុកអង្គរបុរី ១គ្រឿង ស្រុកព្រៃកប្បាស ១គ្រឿង ស្រុកកោះអណ្តែត ១គ្រឿង ស្រុកគិរីវង់ ១គ្រឿង អធិការដ្ឋាននគរបាលស្រុកអង្គរជ័យ ១គ្រឿង ស្រុកឈូក ១គ្រឿង នៃស្នងការដ្ឋាននគរបាលខេត្តកំពត អធិការដ្ឋាននគរបាលស្រុកបសេដ្ឋ ខេត្តកំពង់ស្ពឺ ១គ្រឿងសរុបឡានទឹកចំនួន ១៤គ្រឿង ប្រើប្រាស់ទឹកអស់ចំនួន២៨ឡានទើបគ្រប់គ្រងស្ថានការបាន។

តាមរបាយការណ៍បានឲ្យដឹងថា តូបដែលអគ្គិភ័យឆាបឆេះអស់ចំនួន ៥០តូប បណ្តាលឲ្យខូចខាតសម្ភារទាំងស្រុងចំនួន៣៥តូប ខូចខាតតិចតួចចំនួន១៥តូប (មិនទាន់គិតវាយតម្លៃជាសាច់ប្រាក់បាន និងមិនបណ្តាលឲ្យមានរងរបួសដល់មនុស្សឡើយ) ។

សូមបញ្ជាក់ថា មូលហេតុដែលបណ្ដាយអោយឆេះ គឺមកពីឆ្លងចរន្តខ្សែភ្លើង តូបក្នុងផ្សារ ៕

To Top