ព័ត៌មានជាតិ

បេក្ខជន ដាក់ពាក្យប្រឡងចូលក្របខណ្ឌរដ្ឋ ត្រូវចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ឱ្យរួចរាល់

ភ្នំពេញ ៖ គណៈកម្មការរៀបចំការប្រឡងប្រជែងជ្រើសរើស សិស្ស-និស្សិត និងមន្ត្រីរាជការស៊ីវិល ឱ្យចូលបម្រើការងារ ក្នុងក្របខ័ណ្ឌ ចំនួន៦ក្រសួង បានឱ្យដឹងថា បេក្ខជនមកដាក់ពាក្យប្រឡងចូលបម្រើការងារក្នុងក្របខ័ណ្ឌរដ្ឋ ត្រូវធានាឱ្យបាន ក្នុងការចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ រួចរាល់។

ក្រសួង ទាំង៦ ដែលជ្រើសរើសមន្ត្រីរាជការស៊ីវិល រួមមាន៖ ក្រសួងមុខងារសាធារណៈ ក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា ព្រឹទ្ធសភា និងអធិការកិច្ច ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ក្រសួងពាណិជ្ជកម្ម ក្រសួងធនធានទឹក និងឧតុនិយម និងរដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិល សម្រាប់ឆ្នាំ២០២១។

តាមសេចក្ដីជូនដំណឹងរបស់ ក្រសួងមុខងារសាធារណៈ នាពេលថ្មីៗនេះ គណៈកម្មការរៀបចំការប្រឡងប្រជែងជ្រើសរើស សិស្ស-និស្សិត បានបញ្ជាក់ថា «បេក្ខជនដែលបានដាក់ពាក្យសុំសិទ្ធិប្រឡងចូលបម្រើការងារ ក្នុងក្របខ័ណ្ឌក្រសួង ស្ថាប័ន ទាំង៦ខាងលើ ធានាឱ្យបានក្នុងការចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ទាំង២លើករួចហើយ»។

គណៈកម្មការ បន្ដថា នៅថ្ងៃប្រឡងបេក្ខជនទាំងអស់ ត្រូវភ្ជាប់មកជាមួយនូវកាតសម្គាល់ដែលសាមីខ្លួន បានទទួលវ៉ាក់សាំង។ ក្នុងករណីដែលបេក្ខជនមិនអាចទទួលវ៉ាក់សាំងការពារជំងឺកូដ-១៩បាន ត្រូវមានលិខិតបញ្ជាក់ជាផ្លូវការពីមន្ទីរសុខាភិបាលរាជធានី-ខេត្ត។

គណៈកម្មការ បន្ថែមថា ក្នុងករណីបេក្ខជនណាដែលមិនមានប័ណ្ណទទួលវ៉ាក់សាំងការពារជំងឺកូវី-១៩ ឬលិខិតបញ្ជាក់របស់មន្ទីរ សុខាភិបាលរាជធានី-ខេត្ត គណៈកម្មការរៀបចំការប្រឡងមិនអនុញ្ញាត ឱ្យបេក្ខជននោះចូលរួមប្រឡងឡើយ។

ជាងនេះទៅទៀត គណៈកម្មការរៀបចំការប្រឡង នឹងធ្វើការបិទផ្សាយបញ្ជីឈ្មោះបេក្ខជនដើម្បីទុកសិទ្ធិឱ្យតវ៉ាក្នុងករណី ដែលមិនមានឈ្មោះប្រឡង នៅពេលដែលព្រឹត្តិការណ៍ សហគមន៍ ថ្ងៃ២០ កុម្ភៈ ត្រូវបានបិទបញ្ចប់៕

To Top