ភ្នំពេញ ៖ ដោយមានព័ត៌មានផ្សាយថា អាជ្ញាធរស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល មានបំណងជម្លៀសអាជីវករលក់ខោអាវ លក់មាសនិងលក់អ្វីផ្សេងទៀតនៅផ្សារព្រែកតាមាក់ ទៅទីកន្លែងផ្សេងនោះ លោក ប៊ុន ផេង អភិបាលស្រុកបានបដិសេធចំពោះព័ត៌មាននេះថា ផ្សាយមិនពិតទេ។

ការមានព័ត៌មានផ្សាយមិនពិតនេះ ក្រោយអាជ្ញាធរ ស្រុកបានបង្កើតផ្សារបណ្តោះអាសន្នមួយទៀតនៅភូមិក្នុង ឃុំព្រែកតាមាក់ ស្រុកខ្សាច់កណ្តាលបង្កើតតូបលក់៣០០ ដោយតម្រូវឲ្យអាជីវករជាអ្នកលក់បន្លែ ត្រី សាច់ទៅលក់នៅទីនោះ ដើម្បីកាត់បន្ថយការឈឆ្លងជំងឺកូវីដ១៩។

ផ្សារបណ្តោះអាសន្ននេះបានបើកលក់កាលពីថ្ងៃ៥ ឧសភា ហើយបើកបានមួយថ្ងៃអាជីវករលក់មាស និងខោអាវបានផ្ទុះការតវ៉ាផងដែរ។

ក្រោយឃើញបែបនេះ លោក ប៊ុន ផេង តាមរយៈផេកហ្វេសប៊ុករបស់ស្រុកនៅថ្ងៃ៦ ឧសភានេះ បានលើកឡើងថា “អាជ្ញាធរស្រុក សូមធ្វើការបដិសេដ ចំពោះពត៌មានដែរថា ស្រុកមានគម្រោង រឺផែនការជម្លៀសបងប្អូនអាជីវករលក់ខោអាវ លក់មាស រឺលក់អ្វីដែលមិនមែនជាបន្លែ ត្រី សាច់ ឲ្យទៅលក់កន្លែងផ្សេង”។

ប្រភពខាងលើបន្តថា ការប្តូរទីកន្លែងលក់ដូរបន្លែ ត្រីសាច់នេះ ជាការចាំបាច់ក្នុងយុទ្ធនាការប្រយុទ្ធប្រឆាំងកូរីដ១៩ ។ នៅពេលជំងឺកូវីដគ្រប់គ្រង និងមាន វិធានការទប់ស្កាត់បានហើយអាជីវករទាំងអស់នឹងត្រឡប់មកលក់ដូរដូចធម្មតាវិញ៕
