ភ្នំពេញ ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានបញ្ជាឱ្យអភិបាលរាជធានី-ខេត្តណាចេញសេចក្ដីសម្រេចតម្រូវឱ្យប្រជាពលរដ្ឋធ្វើចត្តាឡីស័ក ពេលចូលមូលដ្ឋានរបស់ខ្លួន ត្រូវបញ្ឈប់ជាបន្ទាន់ និងសម្រួលចរាចរណ៍ដល់ប្រជាពលរដ្ឋឡើងវិញ។
តាមរយៈសារសំឡេង នារសៀលថ្ងៃទី៦ ខែឧសភា ឆ្នាំ២០២១ សម្ដេចតេជោ ហ៊ុន សែន បានឱ្យដឹងថា ក្រោយបញ្ចប់បិទ ខ្ទប់ឆ្លងកាត់រាជធានី-ខេត្ត សម្ដេច ក៏បានប្រគល់ភារកិច្ចជូន អភិបាលរាជធានី-ខេត្ត ក្នុងនោះ មានខេត្តមួយចំនួន ប្រកាស ថា ប្រជាពលរដ្ឋចូលខេត្តរបស់ខ្លួន ត្រូវធ្វើចត្តាឡីស័ករយៈពេល១៤ថ្ងៃ ការធ្វើដូច្នេះ ស្មើនឹងបិទប្រទេសឡើងវិញ។
សម្ដេចតេជោ មានប្រសាសន៍ថា «ខ្ញុំពិនិត្យឃើញថា នៅក្នុងខេត្តខ្លះបានបំរាមរហូតទៅដល់កម្រិត ប្រជាពលរដ្ឋកម្ពុជាខ្លួន ឯងដែលចូលខេត្តខ្លួន ចាំបាច់ត្រូវធ្វើចត្តាឡីស័ករយៈពេល១៤ថ្ងៃ នេះមិនខុសពីការដែលយើងបង្កើតរដ្ឋ នៅក្នុងរដ្ឋនោះ ទេ ។ ដូចជា ខ្ញុំត្រូវធ្វើដំណើរ ឥណ្ឌូនេស៊ី ត្រឡប់មកវិញ ត្រូវធ្វើចត្តាឡីស័ករយៈពេល១៤ថ្ងៃ ។ បើធ្វើយ៉ាងដូច្នេះវាស្មើនឹង ការបិទរដ្ឋឡើងវិញ ឬបិទប្រទេសឡើងវិញ»។
សម្ដេចតេជោ បន្ដថា «ត្រូវបន្ដធ្វើចត្តាឡីស័កចំពោះអ្នកសង្ស័យថាមានហានិភ័យអាចនឹងមានកូវីដ-១៩ ដើម្បីយកសំណា ក់ ហើយឱ្យធ្វើចត្តាឡីស័ក ប៉ុន្ដែមិនមែនគ្រប់មនុស្សឆ្លងកាត់ខេត្តរបស់ខ្លួននោះទេ បើធ្វើដូច្នេះ ប្រជាពលរដ្ឋហាក់ដូចនៅក្នុ ងទ្រុងដដែល។ ចឹងសូមឱ្យ ឯកឧត្តម លោកជំទាវ អភិបាលខេត្តណាដែលបានចេញសេចក្ដីសម្រេចហួសទៅហើយ ទៅកែប្រែសម្រេចនោះទេ ជាបន្ទាន់ ដើម្បីសម្រួលចរាចរណ៍សម្រាប់ប្រជាពលរដ្ឋ»៕
សម្ដេចតេជោ បន្ថែមថា ការកែសម្រួលសេចក្ដីសម្រេចនេះ ដើម្បីសម្រួលការធ្វើដំណើររបស់ប្រជាពលរដ្ឋ ឆ្លងកាត់រាជធានី -ខេត្ត។ សម្ដេចថា បើសិន អភិបាលរាជធានី-ខេត្ត ឱ្យប្រជាពលរដ្ឋធ្វើចត្តាឡីស័ករយៈពេល១៤ថ្ងៃ ស្មើនឹងចែកកម្ពុជា ២៥ ប្រទេស តើឱ្យប្រជាពលរដ្ឋយើងរស់យ៉ាងម៉េច?។ សម្ដេចបន្ដថា ប្រជាពលរដ្ឋចូលខេត្តមួយ ទៅខេត្តមួយ ធ្វើចត្តាឡីស័ក ស្មើនឹងធ្វើចត្តាឡីកស័កពេញប្រទេស ដូច្នេះ ធ្វើឱ្យគាំងសេដ្ឋកិច្ចរបស់ជាតិផងដែរ។
សម្ដេចតេជោ ក៏បានគាំទ្រនូវការអនុវត្តវិធានការទន់ភ្លន់ តែម៉ឺងម៉ាត់របស់ រដ្ឋបាលរាជធានីភ្នំពេញ និងខេត្តព្រះសីហនុ ក្នុងការអនុវត្តនៅមូលដ្ឋានរបស់ខ្លួន។ សម្ដេច បានផ្ដាំផ្ញើដល់អភិបាលធានី-ខេត្តទាំងអស់ ត្រូវធ្វើចត្តាឡីស័កចំពោះអ្នក សង្ស័យឆ្លងជំងឺកូវីដ-១៩ ដើម្បីយកសំណាក់គាត់ និងឱ្យធ្វើចត្តាឡីស័ក។
ជាងនេះទៅទៀត សម្ដេចតេជោ ហ៊ុន សែន ក៏បានលើកឡើងថា «អភិបាលរាជធានី-ខេត្ត ត្រូវមើលព្រៃទាំងមូល ប្រសើរជាងមើលព្រៃមួយដើមៗ» ដើម្បីដោះស្រាយបញ្ហាកូវីដ-១៩ នៅក្នុងខេត្តរបស់ខ្លួន។
សូមបញ្ជាក់ថា គិតត្រឹមថ្ងៃទី៦ ខែឧសភា ឆ្នាំ២០២១ កម្ពុជារកឃើញអ្នកឆ្លងជំងឺកូវីដ-១៩ ចំនួន ១៧,៦២១នាក់ ក្នុងនោះ អ្នកជាសះស្បើយ ចំនួន៦៨៤៣នាក់ និងស្លាប់សរុប ចំនួ១១៤នាក់៕