Covid-19

ក្រសួងសុខាភិបាលសង្ឃឹមថា ផែនការមេសម្រាប់យុទ្ធ នាការចាក់វ៉ាក់សាំង ផ្សារភ្ជាប់ជាមួយ ៣កុំ ៣ការពារ ពង្រឹងប្រព័ន្ធសុខភាពជាតិ

ភ្នំពេញ ៖ លោកស្រីវេជ្ជបណ្ឌិត ឱ វណ្ណឌីន រដ្ឋលេខា ធិការក្រសួងសុខាភិបាល និងជាប្រធានគណៈកម្មការ ចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ-១៩ ក្នុងក្របខណ្ឌទូទាំងប្រទេសមានក្ដីសង្ឃឹមថា ការអនុវត្តយ៉ាងសកម្មផែនការមេសម្រាប់យុទ្ធនាការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ នឹងផ្សារភ្ជាប់ជាមួយវិធានការ «៣កុំ និង ៣ការពារ»ដើម្បីការពង្រឹងប្រព័ន្ធសន្តិសុខសុខភាពជាតិ ក្នុងការទទួលជោគជ័យប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩។

យោងតាមលិខិតរបស់ ក្រសួងសុខាភិបាល ស្ដីពី ផែនការមេសម្រាប់យុទ្ធនាការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ក្នុងក្របខណ្ឌទូទាំងប្រទេស មាន២៦ទំព័រ ចេញផ្សាយនាពេលថ្មីៗនេះ លោកស្រី ឱ វណ្ណឌីន បានឲ្យដឹងថា រាជរដ្ឋាភិបាលកម្ពុជាបង្ហាញនូវ សមត្ថភាព និងឆន្ទះដ៏មុតស្រួចក្នុងការឆ្លើយតបតាមគ្រប់មធ្យោបាយដើម្បីបង្ការ និងគ្រប់គ្រងការចម្លងរាតត្បាត ក្នុងសហគមន៍នៃជំងឺកូវីដ-១៩ នៅកម្ពុជា តាមរយៈអភិក្រមប្រព័ន្ធទាំងអស់ រដ្ឋាភិបាលទាំងមូល និងសហគមន៍ទាំងមូល ។

លោកស្រីបានបញ្ជាក់ថា «ខ្ញុំសង្ឃឹមថា ការអនុវត្តយ៉ាងសកម្មនូវផែនការមេសម្រាប់យុទ្ធនាការចាក់ វ៉ាក់សាំងបង្ការជំងឺកូវី ដ-១៩ ផ្សារភ្ជាប់ជាមួយការអនុវត្តវិធានការ ៣កុំ និង ៣ការពារ និងការពង្រឹងប្រព័ន្ធសន្តិសុខសុខភាពជាតិ នឹងផ្តល់ឱកាសឲ្យប្រទេសកម្ពុជាទទួលបានជោគជ័យក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩»។

លោកស្រីបន្ដថា ផែនការមេសម្រាប់យុទ្ធនាការចាក់ វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ក្នុងក្របខណ្ឌទូទាំងប្រទេសនេះ ត្រូវបានរៀបចំឡើងដើម្បីបំពេញបន្ថែមនូវគោលការណ៍នីតិវិធីយុទ្ធសាស្ត្រ និងសកម្មភាព ដើម្បីជំរុញការងារចាក់វ៉ាក់សាំងកូវី ដ-១៩ ឲ្យបានទាន់ពេលវេលា មានសុវត្ថិភាព ប្រសិទ្ធភាព តម្លាភាព និងគណនេយ្យភាព។ លោកស្រីថា ផែនការមេនេះ ត្រូវបានរៀបចំឡើង ដោយផ្អែកមូលដ្ឋានគ្រឹះនៃ «ផែនការជាតិស្តីពីយុទ្ធនាការចាក់វ៉ាក់សាំងកូវីដ-១៩» ដែលក្រសួងសុខា ភិបាលបានដាក់ចេញ កាលពីថ្ងៃទី១៨ ខែមករា ឆ្នាំ២០២១។

លោកស្រី គូសបញ្ជាក់ថា គោលដៅប្រកបដោយ មហិច្ឆតាដែលបានកំណត់នៅក្នុងផែនការមេសម្រាប់យុទ្ធនាការចាក់ វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ក្នុងក្របខណ្ឌទូទាំងប្រទេស គឺការចាក់វ៉ាក់សាំងកូវីដ-១៩ ជូនប្រជាពលរដ្ឋគោលដៅឲ្យបាន ១០លាននាក់ នៅពាក់កណ្តាលឆ្នាំ២០២២៕

បំរាម៖ ហាមយកព័ត៌មានរបស់សារព័ត៌មាន ដើមអម្ពិល ចុះផ្សាយដោយគ្មានការជូនដំណឹងមកជាមុន។ រាល់បញ្ហាអត្ថបទដែលយកចុះផ្សាយបន្ត ស្ថាប័នយើងខ្ញុំមិនទទួលខុសត្រូវឡើយ។ លោកអ្នកអាចទំនាក់ំទំនងមកក្រុមការងារតាមរយៈ​ទូរស័ព្ទលេខ៖ 012 722337 ឬ dapnews@gmail.com

All rights reserved by: DAP News

To Top