ព័ត៌មានជាតិ

អង្គការជាតិ និងអន្តរជាតិ ជាង ១០០ ចូលរួមស្វែងយល់ ពីរបបសន្តិសុខសង្គម​ ផ្នែកប្រាក់សោធន នៅកម្ពុជា តាមរយៈប្រព័ន្ធ​អនឡាញ

ភ្នំពេញ៖ លោក សុក បូរ៉ា ប្រធាននាយកដ្ឋាន​ តាវកាលិកសន្តិសុខសង្គម ក្រោមការចាត់តាំង ពីសំណាក់លោក អ៊ុក សមវិទ្យា ប្រតិភូរាជរដ្ឋាភិបាល​ ទទួលបន្ទុកជាអគ្គនាយកបេឡាជាតិ សន្តិសុខសង្គម (ប.ស.ស.) នាព្រឹកថ្ងៃសុក្រ ទី០៧ ខែឧសភា ឆ្នាំ២០២១ នេះ បានធ្វើបទបង្ហាញស្តីពី របបសន្តិសុខសង្គមផ្នែកប្រាក់សោធន សម្រាប់ជនទាំងឡាយ ដែលស្ថិតនៅក្រោមបទប្បញ្ញត្តិ នៃច្បាប់ស្តីពីការងារ ជូនដល់តំណាងអង្គការជាតិ និងអន្តរជាតិ សរុបប្រមាណជាង ១០០អង្គការ តាមរយៈប្រព័ន្ធអនឡាញ (Google Meet) ឆ្លើយតបទៅនឹងការស្នើសុំ ពីតំណាងអង្គការគណៈកម្មាធិការ សហប្រតិបត្តិការដើម្បីកម្ពុជា (គ.ស.ក) កាលពីពេលថ្មីៗនេះ។

ក្នុងបទបង្ហាញនេះ លោក សុក បូរ៉ា បានបញ្ជាក់ថា នៅពេលដែលរបបសន្តិសុខសង្គម ផ្នែកប្រាក់សោធនត្រូវបានដាក់ ឱ្យដំណើរការ នៅពេលនោះកម្មករនិយោជិត និងបុគ្គលិកក្នុងវិស័យឯកជនទាំងអស់ នឹងទទួលបានប្រាក់សោធន (ប្រាក់រ៉ឺត្រែត) ដូចទៅនឹងមន្រ្តីរាជការដែរ។

លោកបានបញ្ជាក់ទៀតថា សម្រាប់រោងចក្រ សហគ្រាស គ្រឹះស្ថាន និងកម្មករនិយោជិតទាំងអស់ ដែលបានចុះបញ្ជីរួចរាល់នៅ ប.ស.ស. ក្នុងផ្នែកហានិភ័យការងារ និងផ្នែកថែទាំសុខភាព នោះនឹងក្លាយទៅជាសមាជិក ប.ស.ស. ក្នុងផ្នែកប្រាក់សោធន ដោយស្វ័យប្រវត្តិ។

សូមបញ្ជាក់ថា បទបង្ហាញខាងលើ ប្រព្រឹត្តទៅនៅអង្គការ​គណៈកម្មាធិការ​សហប្រតិបត្តិការ ដើម្បីកម្ពុជា (គ.ស.ក) រាជធានីភ្នំពេញ ដោយមានវត្តមានចូលរួម ពីតំណាងអង្គការជាតិ និងអន្តរជាតិ សរុបប្រមាណជិត ១០០ អង្គការតាមរយៈ ប្រព័ន្ធអនឡាញ (Google Meet)៕

បំរាម៖ ហាមយកព័ត៌មានរបស់សារព័ត៌មាន ដើមអម្ពិល ចុះផ្សាយដោយគ្មានការជូនដំណឹងមកជាមុន។ រាល់បញ្ហាអត្ថបទដែលយកចុះផ្សាយបន្ត ស្ថាប័នយើងខ្ញុំមិនទទួលខុសត្រូវឡើយ។ លោកអ្នកអាចទំនាក់ំទំនងមកក្រុមការងារតាមរយៈ​ទូរស័ព្ទលេខ៖ 012 722337 ឬ dapnews@gmail.com

All rights reserved by: DAP News

To Top