Covid-19

អភិបាលរាជធានី ចុះសម្របសម្រួល ជូនកម្មករនៅ តំបន់ក្រហមបញ្ហាថ្លៃបន្ទប់ជួល និងផ្តល់ស្បៀងអាហារ

ភ្នំពេញ៖ ក្រោយទទួលបានព័ត៌មាន ពីបងប្អូនកម្មករកម្មការិនី ដែលរស់នៅ ក្នុងផ្ទះជួល តាមបណ្តោយផ្លូវវេង ស្រេង ស្ថិតនៅក្នុងភូមិ២ សង្កាត់ស្ទឹងមានជ័យ៣ ខណ្ឌមានជ័យ ដែលមានការខ្វះខាត ស្បៀងអាហារ និងមានបញ្ហាពាក់ព័ន្ធនឹងតម្លៃផ្ទះជួលផងនោះ នៅល្ងាចថ្ងៃទី ០៧ខែឧសភានេះ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានដឹកនាំអាជ្ញាធរខណ្ឌ ចុះសម្របសម្រួល ជាមួយបងប្អូនកម្មករ ភ្លាមតែម្តង ។

ប្រភពព័ត៌មាន តាមបណ្ដាញសង្គម ជុំវិញបងប្អូនកម្មករកម្មការិនី ដែលរស់នៅទីនោះ បានបញ្ជាក់ថា កម្មករកម្មការិនី បានជួលបន្ទប់ជួល នៅទីតាំងខាងលើ ចំនួន៤៧០ បន្ទប់ ហើយក្រោយ ពីមានព្រឹត្តិការណ៍សហគមន៍ ម្ចាស់ផ្ទះជួលបានបញ្ចុះតម្លៃ ជួល២០ដុល្លារ ក្នុងមួយបន្ទប់ ជូនបងប្អូនកម្មករ ដើម្បីរំលែកការលំបាក របស់ពួកគាត់ ខណៈដែលរោងចក្រ ត្រូវបានបិទទ្វាដែរនោះ ។

តែក្នុងរយៈពេលចុងក្រោយនេះ ក្រោយរាជរដ្ឋាភិបាល បើកឲ្យមានការ ធ្វើចរាចរណ៍ឡើងវិញ ម្ចាស់ផ្ទះជួលបានឡើងថ្លៃដូចដើមវិញ ដែលធ្វើឱ្យបងប្អូនកម្មករ កម្មការិនីការ រស់នៅតំបន់ក្រហម និងមិនទាន់មានការងារធ្វើវិញផងនោះ កើតទុក្ខមិនសុខចិត្ត ចំពោះការឡើងថ្លៃនេះ ។

ក្រោយពីមានការសម្របសម្រួល ពីអាជ្ញាធររាជធានីភ្នំពេញ ម្ចាស់ផ្ទះជួល បានយល់ព្រមជាមួយអាជ្ញាធរ បញ្ចុះតម្លៃ២០ដុល្លារ ដូចដើមវិញ ។

ជាមួយគ្នានោះដែរ លោកអភិបាលរាជធានី ក៏បានជួយឧបត្ថម្ភ បងប្អូនកម្មករកម្មការិនីទាំង៤៧០បន្ទប់ផងដែរ ដោយក្នុងមួយបន្ទប់ ទទួលបានអំណោយ របស់សម្ដេចតេជោហ៊ុនសែន នូវអង្ករមួយបាវ ទម្ងន់២៥គីឡូក្រាម មីមួយកេស ត្រីខ១០កំប៉ុង និងទឹកត្រី១យួរ ហើយអំណោយទាំងនេះ នឹងយកទៅចែកជូន ដល់មុខបន្ទប់ជួលតែម្ដង ។ បន្លែមពីលើនេះទៀត ចំពោះតម្លៃភ្លើងអគ្គីសនី អភិបាលរាជធានីភ្នំពេញ បានសម្របសម្រួល ឱ្យបងប្អូនកម្មករ ជំពាក់ជាបំណុលសិន ចាំពេល និថដោះស្រាយបំណុលនេះវិញនៅពេលក្រោយវិញ៕

បំរាម៖ ហាមយកព័ត៌មានរបស់សារព័ត៌មាន ដើមអម្ពិល ចុះផ្សាយដោយគ្មានការជូនដំណឹងមកជាមុន។ រាល់បញ្ហាអត្ថបទដែលយកចុះផ្សាយបន្ត ស្ថាប័នយើងខ្ញុំមិនទទួលខុសត្រូវឡើយ។ លោកអ្នកអាចទំនាក់ំទំនងមកក្រុមការងារតាមរយៈ​ទូរស័ព្ទលេខ៖ 012 722337 ឬ dapnews@gmail.com

All rights reserved by: DAP News

To Top