Covid-19

រដ្ឋមន្ដ្រីការងារ ប្រកាសបើកឲ្យកម្មករ ចូលធ្វើការឡើងវិញ ដោយមិនភ្ជាប់លក្ខខណ្ឌ ចាក់វ៉ាក់សាំងឡើយ

ភ្នំពេញ៖ លោក អ៊ិត សំហេង រដ្ឋមន្ដ្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានប្រកាសថា បើក ដំណើរការសកម្មភាពអាជីវកម្ម/ផលិតកម្មឡើងវិញ សម្រាប់កម្មករ-កម្មការិនីគឺមិនត្រូវមានភ្ជាប់លក្ខខណ្ឌ ទៅនឹងការចាក់វ៉ាក់សាំងឡើយ។

តាមសេចក្ដីជូនដំណឹងរបស់ក្រសួងការងារ នាថ្ងៃទី៨ ខែឧសភា ឆ្នាំ២០២១ លោក អ៊ិត សំហេង បានបញ្ជាក់ថា «នៅក្នុងការបើកដំណើរការសកម្មភាព អាជីវកម្ម/ផលិតកម្មឡើងវិញនេះ គឺមិនត្រូវមានភ្ជាប់លក្ខខណ្ឌ ទៅនឹង ការចាក់វ៉ាក់សាំងនោះឡើយ។ មន្ត្រីអធិការកិច្ចការងារនៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នឹងចុះធ្វើអធិការកិច្ចលើករណីនេះភ្លាម ប្រសិនជាទទួលបានព័ត៌មាន។ សូមបងប្អូនកម្មករនិយោជិត ជូនដំណឹងមកក្រសួង ឬមន្ទីរការងារ ជាបន្ទាន់តាមរយៈតេឡេក្រាម https://t.me/KhmerWorkerChat ប្រសិនជាមានការភ្ជាប់ លក្ខខណ្ឌចាក់វ៉ាក់សាំងនេះ»។

លោកបន្ដថា ការបើកប្រាក់ឈ្នួលសម្រាប់ខែមេសា ចំនួន ៥០% និងប្រាក់ឧបត្ថម្ភនានាដែលបាន ពន្យារ ពេលអំឡុងការបិទខ្ទប់កន្លងទៅ ត្រូវចាប់ផ្តើមបើកជូនកម្មករ និយោជិតមិនឲ្យហួសពីថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០២១ ឡើយ។

លោកថា ចំពោះកម្មករនិយោជិត កំពុងស្ថិតក្នុងតំបន់ក្រហម ឬលឿងទុំ គឺម្ចាស់ ឬនាយករោងចក្រ សហគ្រាស ពិចារណារកវិធីបើកប្រាក់ឈ្នួល និងប្រាក់ឧបត្ថម្ភនេះតាមប្រព័ន្ធធនាគារ។

ទន្ទឹមនឹងនេះ លោករដ្ឋមន្ដ្រីការងារ ក៏បានអំពាវនាវដល់ម្ចាស់ផ្ទះជួល ទាំងអស់មយោគយល់ លើកលែង ថ្លៃជួលបន្ទប់ ឬបន្ធូរបន្ថយថ្លៃជួលបន្ទប់ ឬពន្យារការ បង់ថ្លៃជួលបន្ទប់ដល់កម្មករ ៕

To Top