Covid-19

ក្រសួងសុខាភិបាល ណែនាំប្រជាពលរដ្ឋ ឱ្យយល់ដឹង និងកាត់បន្ថយ ក្ដីបារម្ភក្រោយពេលចាក់ វ៉ាក់សាំង

ភ្នំពេញ ៖ លោកស្រី ឱ វណ្ណឌីន រដ្ឋលេខាធិការ ជាអ្នកនាំពាក្យក្រសួងសុខាភិបាល និងជាប្រធានគណៈកម្មការចំពោះកិច្ច ចាក់វ៉ាក់សាំងកូវីដ-១៩ ក្នុងក្របខណ្ឌទូទាំងប្រទេស (គ.វ.ក-១៩) បានធ្វើការណែនាំប្រជាពលរដ្ឋទូទាំងប្រទេសឱ្យយល់ ដឹងក្រោយពេលចាក់វ៉ាក់សាំងរួច ដើម្បីជួយកាត់បន្ថយក្ដីបារម្ភ។

តាមរយៈសារតេឡេក្រាម នារសៀលថ្ងៃទី៨ ខែឧសភា ឆ្នាំ២០២១ លោកស្រី ឱ វណ្ណឌីន បានឱ្យដឹងថា រឿងដែលអ្នកត្រូវ ធ្វើ និងត្រូវដឹងបន្ទាប់ពីចាក់វ៉ាក់សាំងរួច ដើម្បីជួយកាត់បន្ថយក្ដីបារម្ភ ដែលបង្ហាញដោយក្រសួងសុខាភិបាល ដូចជា ៖

ទី១-អ្នកអាចនឹងមានផលរំខានខ្លះ ដូចជា ឈឺ ឬហើមតិចតួចនៅកន្លែងចាក់ ក្តៅខ្លួន ស្រៀវស្រាញ អស់កម្លាំង ឈឺក្បាល ឈឺសាច់ដុំ ឈឺនៅសន្លាក់ វិលមុខ ដែលនឹង បាត់ទៅវិញក្នុងរយៈពេល ២ ឬ ៣ ថ្ងៃ។ អ្នកអាចលេបថ្នាំបំបាត់ការឈឺចាប់ ឬថ្នាំបញ្ចុះកំដៅ ប្រសិនបើអ្នកមិនមានបញ្ហាសុខភាពដែលពេទ្យហាមមិនឲ្យលេបថ្នាំប្រភេទនេះ។

ទី២-ប្រសិនបើអ្នកឈឺនៅចំកន្លែងចាក់ អ្នកអាចស្អំជាមួយក្រណាត់សើមត្រជាក់ដែលស្អាត។

ទី៣-កុំលេបថ្នាំបំបាត់ការឈឺចាប់ ឬថ្នាំបញ្ចុះកំដៅមុនពេលចាក់វ៉ាក់សាំងដើម្បី ការពារផលរំខាន។

ទី៤-បរិភោគទឹកឱ្យបានច្រើន និងបរិភោគអាហារដែលមានជីវជាតិគ្រប់គ្រាន់។

និងទី៥-បន្តអនុវត្តន៍ ៣ការពារ និង៣កុំ +៣កុំ កុំទៅទីកន្លែង មានមនុស្សច្រើន កុំទៅកន្លែងបិទជិត គ្មានខ្យល់ចេញចូល កុំប៉ះពាល់ចាប់ដៃឬអោបគ្នា+៣ការពារ៖ រក្សាគម្លាត ១.៥ម៉ែត្រឡើងទៅ ពីអ្នកដទៃ លាងដៃឱ្យ បានញឹកញាប់។ ដោយករណីឆ្លងកូវីដ-១៩នៅតែមាន ក្នុងផ្ទៃប្រទេស និងប្រទេសជិតខាងផងដែរនោះ សូមប្រជាពលរដ្ឋបង្កើនការប្រុងប្រយ័ត្ន គ្រប់តំបន់មិនថា ជាយដែនក្ដីក៏ដោយ ពិសេសរួមគ្នាអនុវត្ត៍វិធានការ ៣កុំ និង៣ការពារ ឱ្យបានខ្ជាប់ខ្ជួន កុំឱ្យក្លាយជាអ្នកដែលចម្លងមេរោគកាចសាហាវ ទៅកាន់សមាជិកគ្រួសារ ឬមនុស្សក្បែរខ្លួនឱ្យសោះ៕

To Top