ព័ត៌មានជាតិ

លោក ជិន ម៉ាលីន ៖ ជារឿងធម្មតាដែលទូតមុខដដែលៗ បង្ហាញក្តីកង្វល់ពាក់ព័ន្ធសំណុំរឿងសកម្មជនប្រឆាំង (Video)

ភ្នំពេញ ៖ លោក ជិន ម៉ាលីន អនុប្រធាន និងជាអ្នកនាំពាក្យគណៈកម្មាធិការ សិទ្ធិមនុស្សកម្ពុជា បានថ្លែងថា ជារឿងធម្មតាទៅហើយ​ ចំពោះទូតមុខដដែលៗ ដែលបង្ហាញក្តីកង្វល់ពាក់ព័ន្ធសំណុំរឿង សកម្មជនប្រឆាំងមួយចំនួន ព្រោះសកម្មជនទាំងនោះ ជាក្រុមគាំទ្រខ្លួនពេលកន្លងមក។

ទោះបីជាយ៉ាងណាក៏លោក ជិន ម៉ាលីន មិនបានបញ្ជាក់ឈ្មោះទូត ប្រចាំកម្ពុជាណាមួយដែរ ។

តាមរយៈប្រព័ន្ធតេឡេក្រាម ថ្ងៃទី៩ ខែឧសភា ឆ្នាំ២០២១ លោក ជិន ម៉ាលីន បានឆ្លើយតបទៅនឹងការចោទសួរ របស់អ្នកសារព័ត៌មាន អំពីក្តីបារម្ភរបស់មន្រ្តីទូតប្រចាំកម្ពុជា លើដំណើការកាត់ក្តីសកម្មជន នាពេលកន្លងមកថា «វាជារឿងធម្មតា ដែលគេបង្ហាញក្តី កង្វល់ពាក់ព័ន្ធសំណុំរឿង សកម្មជនទាំងនោះ ដែលជាក្រុមគោលដៅគេការពារនិងគាំទ្រនាពេលកន្លងមក ទៅតាមនិន្នាការ និងរបៀបវារៈនយោបាយ របស់គេរៀងៗខ្លួន។ តែប្រសិនបើពួកគេមិនខ្វល់ទៅវិញ ទើបវាជារឿងមិនធម្មតា»។

ទោះជាយ៉ាងណាក៏ដោយ ការបង្ហាញក្តីកង្វល់ និងរិះគន់ដល់ដំណើរ ការកាត់ក្តីសកម្មជន សំណាកមន្រ្តីទូតនេះ លោកថា គ្រាន់តែជាសារនយោបាយ តែប៉ុណ្ណោះ មិនមានទម្ងន់ផ្នែកច្បាប់ និងឥទ្ធិពលអ្វីលើការ សម្រេច របស់តុលាការឡើយ។

អ្នកនាំពាក្យក៏បានបញ្ជាក់ថា មធ្យោបាយតាមផ្លូវច្បាប់ តែមួយគត់ ដើម្បីអាចជួយ និងការពារសកម្មជនទាំងនោះបាន គឺការចូលរួមក្នុងដំណើការ នីតិវិធីតុលាការ ធ្វើការការពារ ខ្លួនតាមផ្លូវច្បាប់ បង្ហាញនូវសក្ខីកម្ម និងភស្តុតាងរឹងមាំ ក្នុងការដោះបន្ទុកទៅនឹងបទចោទ ជាជាងធ្វើជាមេធាវីការពារក្តី នៅក្រៅរបងតុលាការ ៕

To Top