ភ្នំពេញ៖ សម្តេច ហេង សំរិន ប្រធានរដ្ឋសភា បានផ្ញើរសារថ្លែង អំណរគុណដល់ ដល់បណ្តាប្រទេសជាមិត្ត ពិសេសសាធារណរដ្ឋប្រមានិតចិន និងដៃគូអភិវឌ្ឍន៍ជាច្រើនទៀត ដូចជាអង្គការសុខភាពពិភពលោក និងយន្តការកូវ៉ាក់ (COVAX) ជាដើម រួមទាំងសប្បុរសជន ទាំងអស់ ដែលបានជួយឧបត្ថម្ភវ៉ាក់សាំង និងផ្តល់ជំនួយបច្ចេកទេស សម្ភារៈវិទ្យាសាស្រ្តជាច្រើនដល់កម្ពុជា នៅក្នុងការប្រយុទ្ធប្រឆាំង ជំងឺកូវីដ-១៩ នាពេលកន្លងមក ។
ការថ្លែងបែបនេះ ក្នុងឱកាសសម្ដេច និងសម្តេចធម្មវិសុទ្ធវង្សា សៅ ទី ហេង សំរិន បានអញ្ជើញចាក់វ៉ាក់សំាងកូវីដ-១៩ ដូសទី២ “COVIDSHIELD” AstraZeneca នៅវិមានរដ្ឋសភា នាព្រឹកថ្ងៃទី១០ ខែឧសភាឆ្នាំ២០២១។
ឆ្លៀតក្នុងឱកាសនេះ សម្តេច ហេងសំរិន បានថ្លែងអំណរគុណ យ៉ាងជ្រាលជ្រៅ ដល់រាជរដ្ឋាភិបាលដែលបានខិតខំ កៀរគរគ្រប់មធ្យោបាយ ដើម្បីទទួលបានវ៉ាក់សាំង មកចាក់ជូនប្រជាពលរដ្ឋ ដែលតាមគម្រោងឱ្យ បានប្រមាណ១០លាននាក់ ដើម្បីបង្កើតភាពស៊ាំសហគមន៍ ឈានទៅគ្រប់គ្រងបានលើវីរុសកូរ៉ូណា(កូវីដ-១៩) សំដៅស្តារសេដ្ឋកិច្ច និងសង្គមជាតិឡើងវិញ ចេញពីវិបត្តិជាសកលនេះក្នុងពេលឆាប់ៗខាងមុខ។
សម្តេចបានអំពាវ និងលើកទឹកចិត្តដល់ប្រជាពលរដ្ឋ សូមអញ្ជើញទៅទទួលវ៉ាក់សាំង ដោយឥតគិតថ្លៃនៅតាមមូលដ្ឋានរៀងៗខ្លួន ដើម្បីការពារអាយុជីវិត ក្រុមគ្រួសារនិងសហគមន៍របស់ខ្លួន ។
ជាមួយគ្នានេះសម្តេច បានអំពាវនាវដល់ ប្រជាពលរដ្ឋ បន្តអនុវត្តវិធានសុខាភិបាល «៣ការពារ ៣កុំ»ឱ្យបានខ្ជាប់ខ្ជូនគ្រប់ៗគ្នា ទោះជាបានទទួលវ៉ាក់សាំង ការពាររួចហើយក្តី។
សម្តេចប្រធានរដ្ឋសភា បានគូសបញ្ជាក់ថា ជំងឺកូវីដ-១៩ នៅតែបន្តគំរាមកំហែងពិភពលោក ក៏ដូចជាកម្ពុជា ក្នុងសភាពខ្លាំងក្លានៅឡើយ។ ដូច្នេះដើម្បីការពារទប់ស្កាត់ជំងឺនេះ កុំឱ្យឆ្លងរាលដាលកាន់តែខ្លាំងឡើង កត្តាសំខាន់បំផុត គឺការចូលរួមនិងការបេ្តជ្ញាចិត្ត ពីបុគ្គលម្នាក់ៗ ទើបសង្គមជាតិអាចគេចផុត ពីជំងឺរាតត្បាតនេះបាន ៕