ភ្នំពេញ៖ ម្ពុជា នឹងទទួលវ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ពីរដ្ឋាភិបាលសាធារណរដ្ឋប្រជាមានិតចិន ចំនួន ៥០មុឺនដូសបន្ថែមទៀត នៅព្រឹកថ្ងៃទី១១ ខែឧសភា ឆ្នាំ ២០២១។ នេះបើតាមការចេញផ្សាយ របស់ទូរទស្សន៍ជាតិកម្ពុជា (ទទក)។
សម្តេចតេជោ ហ៊ុន សែននាយករដ្ឋមន្ត្រីធ្លាប់បានបញ្ជាក់ច្បាស់ថា វ៉ាក់សាំង សម្រាប់ចាក់ចំនួន ៥២មុឺននាក់ នៅក្នុងតំបន់ក្រហម គឺមិនខ្វះទេ គឺថ្ងៃទី ១១ខែឧសភា ឆ្នាំ ២០២១ វ៉ាក់សាំងនឹងមកដល់ ៥០មុឺនដូស នឹងថ្ងៃទី ១៥ ខែឧសភា ឆ្នាំ ២០២១ នឹងដឹកមកដ ល់ចំនួន ៥០មុឺនដូសទៀត សរុប ១លានដូសនៅក្នុងដៃយើងបន្ថែមទៀត ។ សម្តេចតេជោ ហ៊ុន សែន ក៏បានស្នើសម្តេចពិជ័យសេនា ទៀ បាញ់ បញ្ជាទៅអង្គភាពដែលត្រូវចុះចាក់ នៅក្នុងតំបន់ក្រហម មិនត្រូវបញ្ចប់ដូសទី១ ត្រឹមថ្ងៃទី ១៥ ខែឧសភានោះទេ គឺដូសទី១ ត្រូវតែធ្វើយ៉ាងណាឲ្យហើយ ឲ្យអស់ប្រជាពលរដ្ឋនៅក្នុងតំបន់ក្រហម ។
សម្តេចបញ្ជាក់ថា មិនថាត្រឹមតែ ៥២មុឺននាក់ទេ ទោះបីជា ៥៣ ទៅ៥៤មុឺន ឬ៥៥មុឺននាក់ ក៏យើងនៅតែមានលទ្ធភាព ដើម្បីចាក់ជូនប្រជាពលរដ្ឋដែរ។
សូមជម្រាបថា យោងតាមរបាយការណ៍បូកសរុប របស់ក្រសួងសុខាភិបាលគិតត្រឹមថ្ងៃទី៩ ខែឧសភា ឆ្នាំ ២០២១ គឺក្រសួងសុខាភិបាលបានចាក់វ៉ាក់សាំងកូវីដ-១៩ ជូនប្រជាពលរដ្ឋ នៅទូទាំងប្រទេសបានចំនួន ១,៧៧៣,៩៩៤ដូសហើយ។ ដោយឡែកក្នុងរយ:ពេល៩ថ្ងៃ នៃយុទ្ធនាការចាក់វ៉ាក់សាំងកូវីដ-១៩ ជូនប្រជាពលរដ្ឋរស់នៅតំបន់ក្រហម ក្រសួងការពារ ជាតិក៏បានចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ សរុបចំនួន ៣៩មុឺន ៩៦១៧នាក់ផងដែរ។
សូមបញ្ជាក់ថា កាលពីថ្ងៃទី ៥ ខែឧសភា ឆ្នាំ ២០២១កន្លងមកនេះប្រមុខរាជរដ្ឋាភិបា លកម្ពុជា សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា នៅតំបន់ក្រហមមានប្រជាជនជាង ៥២មុឺននាក់ ហើយវ៉ាក់សាំងមានតែជាង ៩០មុឺនដូស ចាក់បានតែប្រជាជនជាង ៤០មុឺននាក់ បើសិនមានការខូចខាតមួយចំនួន វានឹងអាចមានការខ្វះវ៉ាក់សាំង នៅក្នុងតំបន់ក្រហម ដរាបណាមិនទាន់ចាក់វ៉ាក់សាំងអស់ប្រជាជន គឺយើងមិនដើរចេញ ចោលប្រជា ជនណាម្នាក់នោះទេ ៕