Covid-19

ពិតជាសំណាង! ស្រ្តីម្នាក់មិនឲ្យប្តីចូលផ្ទះ ខណៈប្តីមកពីតំបន់ឆ្ងាយ

ភ្នំពេញ៖ ប្តីរបស់ស្រ្តីដែលមិនឲ្យចូលផ្ទះ ត្រូវបានរកឃើញឆ្លងជំងឺកូវីដ១៩។ នេះបានហៅថា ពិតជាសំណាងហើយ ក្រោយមិនឲ្យប្តីចូលផ្ទះ បន្ទាប់មកពីធ្វើការនៅទីឆ្ងាយ។ នេះបើតាមការបង្ហាញក្នុងហ្វេសប៊ុក របស់លោក ឃឹម ហ្វីណង់ អភិបាលស្រុកបន្ទាយស្រី ខេត្តសៀមរាប។

“អារម្មណ៍ដំបូង និងក្រសែភ្នែកបង្កប់ទៅដោយក្តីពួយបារម្ភ លាយឡំនឹងភាពច្របូកច្របល់ នៅពេលដែលទទួលបានដំណឹងថា ប្តីរបស់ខ្លួនមានផ្ទុកវិជ្ជមានមេរោគកូវីដ១៩” ។ នេះជាសំណេររបស់លោក ឃឹម ហ្វីណង់ លើកឡើងពីស្រ្តីរូបនោះ។

លោក ឃឹម ហ្វីណង់បានរៀបរាប់ថា ពិតជាគួរឲ្យកោតសរសើរដល់ស្រ្តីនេះ ដែលជាអ្នកភូមិថ្នល់បណ្តោយ ក្នុងឃុំព្រះដាក់ ។

លោកថា “បងស្រីម្នាក់នេះបានគិតពីប្រយោជន៍រួមជាធំ សុខចិត្តមិនឲ្យប្តីរបស់ខ្លួនដែលមកពីឆ្ងាយចូលផ្ទះ និងបានរាយការណ៍ទុកជាមុន ជូនដល់អាជ្ញាធរក្នុងមូលដ្ឋាន ដើម្បីទប់ស្កាត់ការរីរាលដាលឆ្លង ក្នុងសហគមន៍បានទាន់ពេលវេលា”។

អភិបាលស្រុកបន្ទាយស្រីបន្តថា ប្រសិនបើស្រ្តីខាងលើ មិនបានរាយការណ៍ទៅអាជ្ញាធរជាមុនទេ គឺប្រហែលជាយឺតពេលមួយជំហាន ហើយអាចនាំឲ្យភូមិទាំងមូលត្រូវបានបិទ និងរំខានដល់មនុស្ស រាប់ពាន់នាក់ទៀតផងក៏មិនដឹង។

លោកសង្ឃឹមថា អ្នកបន្ទាយស្រីដទៃទៀត នឹងយកគំរូតាម ដើម្បីជួយការពារបន្ទាយស្រីឲ្យ រួចផុតពីការផ្ទុះឆ្លងនៅក្នុងសហគមន៍ ៕

បំរាម៖ ហាមយកព័ត៌មានរបស់សារព័ត៌មាន ដើមអម្ពិល ចុះផ្សាយដោយគ្មានការជូនដំណឹងមកជាមុន។ រាល់បញ្ហាអត្ថបទដែលយកចុះផ្សាយបន្ត ស្ថាប័នយើងខ្ញុំមិនទទួលខុសត្រូវឡើយ។ លោកអ្នកអាចទំនាក់ំទំនងមកក្រុមការងារតាមរយៈ​ទូរស័ព្ទលេខ៖ 012 722337 ឬ dapnews@gmail.com

All rights reserved by: DAP News

To Top
×