ព័ត៌មានជាតិ

ខែមេសា កម្ពុជានាំចេញអង្ករ ទៅក្រៅប្រទេស ជិត៤ម៉ឺនតោន

ភ្នំពេញ ៖ ក្រសួងកសិកម្ម រុក្ខប្រមាញ់ និងនេសាទ បានឲ្យដឹងថា ខែមេសា ឆ្នាំ២០២១ កម្ពុជានាំចេញអង្គរចំនួន៣៨ ៨០៧តោន ថយចុះ ចំនួន៣០ ៤៩៧តោន ស្មើនឹង -៤៤% បើធៀបខែមេសា ឆ្នាំ២០២០ មានចំនួន៦៩ ៣០៤តោន។

តាមរបាយការណ៍ ស្ដីពីសភាពការណ៍កសិកម្មប្រចាំខែមេសា ឆ្នាំ២០២១ របស់ក្រសួងកសិកម្ម បានឲ្យដឹងថា «បរិមាណនាំចេញអង្ករបានចំនួន៣៨ ៨០៧តោន ថយចុះចំនួន៣០ ៤៩៧តោន (-៤៤%) បើធៀបខែមេសា ឆ្នាំ២០២០ មានចំនួន៦៩ ៣០៤តោន»។

ក្រសួងបន្ដថា សរុបរយៈពេល៤ខែ ចំនួន១៩២ ៤៩៥តោន មានការថយចុះចំនួន១០៧ ៧៥៧តោន (-៣៥,៨៩%) បើធៀបបរិមាណនាំចេញរយៈពេល ៤ខែ ឆ្នាំ២០២០ មានចំនួន៣០០ ២៥២តោន ហើយបច្ចុប្បន្នក្រុមហ៊ុនបាននាំចេញ អង្ករមានចំនួន៥១ក្រុមហ៊ុន។

ដោយឡែក ការនាំចេញក្រៅស៊ូវិញ ក្នុងខែមេសា ឆ្នាំ២០២១ មានបរិមាណជ័រកៅស៊ូ បញ្ចេញលក់ សម្រេចបាន ចំនួន១៥ ០៨៤តោន ថយចុះចំនួន ៣៦តោន ស្មើនឹង០,២៤% ធៀបខែមុខ កើនឡើងចំនួន៣ ៣៣៣តោន ស្មើនឹង២៨,៤% ធៀបនឹង ខែមេសា ឆ្នាំ២០២០ ។ តម្លៃជ័រកៅស៊ូលក់មធ្យម ក្នុងខែមេសា គឺ១ ៧៨៥ដុល្លារ ក្នុង ១តោន កើនឡើងចំនួន១៥៤ដុល្លារ ក្នុង១តោន ស្មើនឹង៩,៤៣% ធៀបខែមុន និងកើនឡើង ចំនួន៣៨៨ដុល្លារ ក្នុង១តោន ស្មើនឹង២៨% ធៀបខែមសា ឆ្នាំ២០២០។

ជាងនេះទៅទៀត តម្លៃប្រមូលទិញ ជ័រកៅស៊ូគ្រួសារចម្ការ ក្នុងខែមេសា គឺទឹកជ័រ (DRC 100%) មានការប្រែប្រួលពី ៥ ៥០០រៀល ក្នុង១គីឡូក្រាម ដល់៦ ០០០រៀល ក្នុង១គីឡូក្រាម និងជ័រកក (DRC50%) មានការប្រែប្រួលពី២ ១៥០រៀល ក្នុង១គីឡូក្រាម ដល់២ ៨០០រៀល ក្នុង១គីឡូក្រាម៕

To Top