Covid-19

អូស្ដ្រាលី ផ្ដល់ថវិកា៤លានដុល្លារអូស្ត្រាលី ទៀតពង្រឹងភាពធន់ និងឆ្លើយតបចំពោះ វិបត្តិកូវីដ-១៩នៅកម្ពុជា

ភ្នំពេញ ៖ រដ្ឋាភិបាលអូស្ដ្រាលី បានចុះកិច្ចព្រមព្រៀងជាមួយកម្មវិធីអភិវឌ្ឍន៍សហប្រជាជាតិ (UNDP) ដើម្បីផ្ដល់ថវិកា៤លានដុល្លារអូស្ដ្រាលីបន្ថែមទៀតសម្រាប់កាត់បន្ថយផលប៉ះពាល់នៃជំងឺកូវីដ-១៩ មកលើសេដ្ឋកិច្ច និងប្រជាពលរដ្ឋកម្ពុជា។

តាមសេចក្ដីប្រកាសព័ត៌មានរបស់ស្ថានទូតអូស្ដ្រាលី ប្រចាំកម្ពុជា កាលពីថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២១បានឲ្យដឹងថា ថវិកាផ្តល់នេះ ជាថវិកាបន្ថែមលើមូលនិធិពង្រឹងភាពធន់របស់អូស្ត្រាលី-UNDP ដែលជាយន្តការមួយប្រកបដោយភាពទន់ភ្លន់ដែលបាននឹងកំពុងផ្តល់ការគាំទ្រដល់កម្ពុជា ក្នុងការឆ្លើយតប និងស្តារផលប៉ះពាល់ សង្គមសេដ្ឋកិច្ចបង្កឡើងដោយសារការរាតត្បាតជាសកលនៃជំងឺកូវីដ-១៩។

ថវិកា៤លានដុល្លារអូស្ត្រាលីបន្ថែមនេះ ក៏នឹងត្រូវប្រើប្រាស់សម្រាប់បន្តការអនុវត្តការងារពង្រឹងកម្មវិធី ជំនួយសង្គម និងគាំទ្រដល់អាជីវកម្មនៅក្នុងស្រុក ដើម្បីសម្របខ្លួនទៅស្ថានភាពដែលពួកគេជួបប្រទះ អំឡុងពេលដែលមានការរាតត្បាតជាសកលនៃជំងឺនេះ ព្រមទាំងអាទិភាពដទៃទៀតដែលនឹងត្រូវកំណត់ តាមរយៈការពិគ្រោះយោបល់ជាមួយនឹងរាជរដ្ឋាភិបាលកម្ពុជា និងសង្គមស៊ីវិល។

លោក Nick Beresford នាយក UNDP ប្រចាំកម្ពុជា មានប្រសាសន៍ថា អូស្ត្រាលីគឺជាប្រទេសដែល នាំមុខគេក្នុងការផ្តល់ជំនួយអភិវឌ្ឍន៍យ៉ាងមានប្រសិទ្ធភាព និងទាន់ពេលវេលា ហើយអូស្ត្រាលីបានធ្វើបែបនេះតាមរយៈកម្មវិធីវៃឆ្លាតដែលបត់បែនទៅតាមកាលៈទេសៈជាក់ស្ដែង។

ដោយឡែកលោក Pablo_Kang ឯកអគ្គរាជទូតអូស្ត្រាលីប្រចាំកម្ពុជាបានថ្លែងថា «កូវីដ-១៩ នាំមកនូវ បញ្ហាប្រឈមបន្ទាន់ចំពោះមុខជាច្រើន ដល់សេដ្ឋកិច្ចកម្ពុជា ក៏ដូចជាជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ។ ក្នុងនាម ជាដៃគូ និងមិត្តភ័ក្ត្រយូរអង្វែងរបស់ប្រទេសនេះ យើងចង់ធ្វើអ្វីដែលអាចធ្វើទៅបាន ដើម្បីសម្រាលផលប៉ះពាល់ ទាំងនេះ ជាពិសេសផលប៉ះពាល់មកលើក្រុមមនុស្សដែលងាយរងគ្រោះជាងគេ”៕

To Top