ព័ត៌មានជាតិ

កម្ពុជា នឹងទទួលវ៉ាក់សាំង ស៊ីណូវ៉ាក់ ១លានដូសទៀត ដែលគ្រប់គ្រាន់ សម្រាប់ពលរដ្ឋ តំបន់ក្រហម

ភ្នំពេញ ៖ លោកស្រី យក់ សម្បត្តិ រដ្ឋលេខាធិការ ក្រសួងសុខាភិបាល បានថ្លែងឲ្យដឹងថា នាថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២១ ខាងមុខនេះ កម្ពុជានឹងទទួលវ៉ាក់សាំងស៊ីណូវ៉ាក់របស់ក្រុមហ៊ុនស៊ីណូវ៉ាក់ ចំនួន១លានដូសបន្ថែមទៀត ដើម្បីចាក់ជូនប្រជាពលរដ្ឋ រស់នៅតំបន់ក្រហម និងតំបន់មានហានិភ័យខ្ពស់ ពីជំងឺកូវីដ-១៩ ។

ក្នុងឱកាសទទួលវ៉ាក់សាំង ស៊ីណូវ៉ាក់ ចំនួន៥០ម៉ឺនដូសដែលរដ្ឋាភិបាល បញ្ជាទិញពីរដ្ឋាភិបាលចិន នាថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២១ នៅព្រលានយន្ដហោះអន្ដរជាតិ លោកស្រី យក់ សម្បត្តិ ប្រាប់ក្រុមអ្នកសារព័ត៌មានថា «តាមការបញ្ជាក់ ក្រុមហ៊ុនស៊ីណូវ៉ាក់ ក៏ដូចការបញ្ជាក់របស់ស្ថានទូតចិន ដែលកន្លងមក គាត់ជួយសម្របសម្រួលរវាង ក្រសួងសុខាភិបាល ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងស្ថានទូត ប្រាប់ទៅក្រុមហ៊ុនស៊ីណូវ៉ាក់ហ្នឹង គឺបានបញ្ជាក់ហើយថា គឺថ្ងៃទី២៣ នឹងមក១លានដូសទៀត ដូច្នេះកម្ពុជានឹងមានគ្រប់គ្រាន់ ដើម្បីស្រោចទៅលើតំបន់ក្រហម និងស្រោចទៅ ដែលតំបន់កំពុងមានហានិភ័យខ្ពស់ ជាពិសេស រាជធានីភ្នំពេញ និងខេត្តកណ្ដាល»។

លោកស្រីបន្ដថា សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា ក៏បានបញ្ជាទិញ ពីក្រុមហ៊ុនស៊ីណូវ៉ាក់ ចំនួន៥លាន ដូសបន្ថែមទៀត សរុបមកកម្ពុជា មានវ៉ាក់សាំង ២៦លានដូសសម្រាប់ ចាក់ជូនប្រជាពលរដ្ឋ១៣លាននាក់ ។

ជាមួយគ្នានេះ លោកស្រីថា នាថ្ងៃទី១៦ ឧសភា ខាងមុខ កម្ពុជានឹងទទួលវ៉ាក់សាំងស៊ីណូវ៉ាក់៥០ម៉ឺនដូសបន្ថែមទៀត។
សូមបញ្ជាក់ថា គិតត្រឹមថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២១ ក្រសួងសុខាភិបាល និងក្រសួងការពារជាតិ បានចាក់វ៉ាក់សាំងការពារកូវីដ-១៩ ជូនមន្រ្តីរាជការ ប្រជាពលរដ្ឋ និងកងកម្លាំងប្រដាប់អាវុធនៅទូទាំងប្រទេសចំនួន ១,៨២៥,៤៨៨នាក់៕

To Top