ព័ត៌មានជាតិ

កម្ពុជា រីករាយពេល WHO ប្រកាសទទួល ស្គាល់ វ៉ាក់សាំង ស៊ីណូហ្វាមរបស់ចិន (Video)

ភ្នំពេញ ៖ ប្រទេសកម្ពុជា រីករាយពេលទទួលដំណឹងថា អង្គការសុខភាពពិភពលោក (WHO) ប្រកាសទទួលស្គាល់វ៉ាក់សាំង ស៊ីណូហ្វាម (Sinopharm) របស់ប្រទេសចិន ខណៈកម្ពុជាទទួលវ៉ាក់សាំងស៊ីណូហ្វាម ១លាន ៧សែនដូស សម្រាប់ចាក់ជូនប្រជាពលរដ្ឋខ្មែរ ។

យោងតាមសារព័ត៌មាន AFP ចេញផ្សាយ កាលពីថ្ងៃទី៧ ខែឧសភា ឆ្នាំ២០២១ អង្គការសុខភាពពិភពលោក ប្រកាសទទួលស្គាល់វ៉ាក់សាំងស៊ីណូហ្វាម របស់ប្រទេសចិន ។ វ៉ាក់សាំងនេះ ជាវ៉ាក់សាំង ដ៏សំខាន់មួយ ក្នុងចំណោម វ៉ាក់សាំងសំខាន់ៗ ពីររបស់ចិន ដែលបានផ្តល់ឲ្យប្រជាជន រាប់រយលាននាក់ រួចទៅហើយ នៅប្រទេសចិន និងនៅបរទេស ។

ក្នុងឱកាសទទួលវ៉ាក់សាំងស៊ីណូវ៉ាក់ ចំនួន៥០ម៉ឺនដូសទៀតបញ្ជា ទិញពីរដ្ឋាភិបាលចិន នាថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២១ លោកស្រី យក់ សម្បត្តិ រដ្ឋលេខាធិការក្រសួងសុខាភិបាល ប្រាប់ក្រុមអ្នកសារព័ត៌មានថា «ខ្ញុំគិតថា ជាដំណឹងល្អ ហើយជាដំណឹងរីករាយ សម្រាប់ប្រជាពលរដ្ឋយើង ក៏ដូចជាប្រជាពលរដ្ឋទូទាំង ពិភពលោកដែលមានការ ទទួលស្គាល់ពីអង្គការ សុខភាពពិភពលោក ព្រោះថា វ៉ាក់សាំងស៊ីណូហ្វាម យើងទទួលបាន១លាន ៧សែនដូស ពីជំនួយឥតសំណាង ពីប្រទេសចិន ដែលជាជំនួយដែក ថែបមិត្តភាពកម្ពុជា-ចិន»។

លោកស្រីបន្ដថា ពេលកន្លងមកវ៉ាក់សាំងស៊ីណូហ្វាម បានចាក់ទៅប្រជាពលរដ្ឋខ្មែរ មានប្រសិទ្ធភាពល្អដូចវ៉ាក់សាំងដទៃទៀត។ លោកស្រីសង្ឃឹមថា កម្ពុជានឹងបញ្ជាទិញក្នុងផែនការផលិតកម្ម ៤លានដូស ពីក្រុមហ៊ុនស៊ីណូហ្វាម ។ ដូច្នេះកម្ពុជារំពឹងថា ក្រុមហ៊ុនស៊ីណូហ្វាម នឹងផ្ដល់លទ្ធភាពក្នុងផ្គត់ផ្គង់វ៉ាក់សាំង ។

រដ្ឋលេខាធិការ ក្រសួងសុខាភិបាល ក៏បានក្រើនរំលឹកពលរដ្ឋទាំងអស់ ក្រោយទទួលបានវ៉ាក់សាំងរួច ត្រូវបន្ដការពារខ្លួនដោយអនុវត្តតាមរាជរដ្ឋាភិបាល និងក្រសួងសុខាភិបាល ៣ការពារ និង៣កុំ ដើម្បីប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩ នៅកម្ពុជា។

សូមរំលឹកថា រហូតមកដល់ពេលនេះ អង្គការសុខភាពពិភពលោក (WHO) បានអនុម័តយល់ព្រមឲ្យប្រើប្រាស់ក្នុងករណីបន្ទាន់ ចំពោះវ៉ាក់សាំងបង្ការជំងឺ COVID-19 ចំនួន៤ប្រភេទរួចមកហើយ ដូចជាវ៉ាក់សាំងរបស់ក្រុមហ៊ុន Pfizer-BioNTech ក្រុមហ៊ុន AstraZeneca ក្រុមហ៊ុន Johnson & Johnson និងក្រុមហ៊ុន Moderna ៕

To Top