ភ្នំពេញ ៖ នៅព្រឹកថ្ងៃអង្គារ ទី១១ ខែឧសភា ឆ្នាំ២០២១ ក្រុមសប្បុរសជន ដែលជាអ្នកឧកញ៉ា និងឧកញ៉ាកម្ពុជា ចំនួន ១២៦នាក់ បានរួបរួមគ្នាបរិច្ចាគ ជាថវិកាសរុប $ ១.០៩៥.៣៣៤ (មួយលានប្រាំបួនម៉ឺន ប្រាំពាន់បីរយ សាមសិបបួនដុល្លារអាមេរិក) និងសម្ភារមួយចំនួនទៀត រួមមាន ៖ ម៉ាស់ ១០ម៉ឺន, អាល់កុល ៣.៦០០លីត្រ, សាប៊ូលាងដៃ ៦.០០០លីត្រ, ត្រីខ ៥០កេស, ទឹកសុទ្ធ ១០.០០០ យួរ/កេស និងចេក ទុំ២០កេស ជូនដល់កងទ័ពជើងគោក នៃកងយោធពលខេមរភូមិន្ទ និងសមាគមគ្រូ ពេទ្យស្ម័គ្រចិត្ត យុវជនសម្តេចតេជោ (TYDA) សម្រាប់ជាការរួមចំណែកជួយគាំទ្រ ដល់ប្រតិបត្តិការ ប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ ។
នៅក្នុងឱកាសទទួលថវិកា និងសម្ភារខាងលើនេះ លោកឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក និងក្នុងនាមជាប្រធានក្រុមប្រឹក្សាភិបាល នៃសមាគមគ្រូពេទ្យស្ម័គ្រចិត្ត យុវជនសម្តេចតេជោ (TYDA) ក៏ដូចជាជំនួសមុខ ជូនលោកស្រី ពេជ ចន្ទមុន្នី ប្រធានដឹកនាំក្រុមគ្រូពេទ្យ សម្តេចតេជោប្រឆាំងកូវីដ-១៩ បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ និងការកោតសរសើរ ចំពោះការផ្តួចផ្តើម និងសមានចិត្តរបស់សប្បុរសជនទាំង ១២៦រូប ដែលបានរួបរួមគ្នាឧបត្ថម្ភគាំទ្រ ដល់កងទ័ព ក៏ដូចជាសមាគម នៅក្នុងបេសកកម្មប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ ដែលកំពុងឆ្លងរីករាលដាល នៅក្នុងប្រទេស។
លោក ក៏បានលើកឡើងផងដែរថា ការងារប្រយុទ្ធប្រឆាំង ជំងឺកូវីដ-១៩ នៅកម្ពុជា គឺជាកិច្ចការរួមមួយ ដែលគ្រប់ភាគីពាក់ព័ន្ធចាំបាច់ ត្រូវចូលរួមជាមួយក្រសួងសុខាភិបាល ដែលក្នុងនោះ កងទ័ព ក៏បានរួមចំណែក នៅក្នុងកិច្ចការធំៗជាច្រើន ទាំងការអនុវត្តវិធានការបិទខ្ទប់ តាមសេចក្តីសម្រេច របស់រាជរដ្ឋាភិបាល, ការរៀបចំមន្ទីរពេទ្យ-មណ្ឌលព្យាបាល ជំងឺកូវីដ-១៩ និងការចុះចែកស្បៀងអាហារ ជាបន្តបន្ទាប់ដល់ប្រជាពលរដ្ឋ នៅក្នុងតំបន់បិទខ្ទប់ ។
ក្រៅពីនេះ កងទ័ព ក៏បានចូលរួម ក្នុងយុទ្ធនាការចុះចាក់វ៉ាក់សាំង ជូនប្រជាពលរដ្ឋនៅ តាមតំបន់ក្រហម ក្នុងរាជធានីភ្នំពេញ ដោយបានប្រើប្រាស់ កម្លាំងសរុប ៣.៣០៥នាក់មកពីបណ្តា ២០អង្គភាព ហើយក្នុងនោះកងទ័ពជើងគោក ក៏បានបញ្ចេញកម្លាំង ប្រមាណជាង ៨០០នាក់ រួមជាមួយសម្ភារ: និងមធ្យោបាយ ចុះជួយចាក់វ៉ាក់សាំង ជូនប្រជាពលរដ្ឋទៅតាមផែនការផងដែរ ។
គិតមកដល់ពេលនេះ ក្រុមការងារនៃកងយោធពលខេមរភូមិន្ទ បានចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋនៅតំបន់ក្រហមសម្រេចបានជិត ៤០ម៉ឺននាក់ ស្មើនឹង ៥០% លើផែនការរួមប្រមាណ ៨០ម៉ឺននាក់។
លោក ក៏បានជម្រាបជូនសប្បុរសជនផងដែរថា នៅក្នុងប្រតិបត្តិការកន្លងមកនេះ កងទ័ពជើងគោក ក៏ដូចជាសមាគម បានខិតខំបំពេញ ភារកិច្ចដោយប្រើប្រាស់ធនធាន និងលទ្ធភាពរបស់ខ្លួន ដែលមានក្នុងដៃ ដើម្បីឆ្លើយតប នឹងស្ថានភាពផ្ទុះឡើងជាក់ស្តែង ខណៈលទ្ធភាពធានា តាមផែនការ នៅមានកម្រិត ។ ដូចនេះ ការរួមចំណែកឧបត្ថម្ភដ៏ថ្លៃថ្លានេះ នឹងបានជួយសម្រួល និងផ្តល់លទ្ធភាពបន្ថែមមួយកម្រិតទៀត ដល់ក្រុមការងារ ដើម្បីបន្តបេសកកម្មរបស់ខ្លួន។ ចំពោះថវិកាដែលផ្តល់ជូននេះ គឺ៥០% នឹងបែកចែកដល់សមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ (TYDA) និង ៥០% ទៀត រួមជាមួយសម្ភារនឹងផ្តល់មកឲ្យខាងកងទ័ព ដើម្បីបន្តប្រតិបត្តិការ ប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩។
អ្នកឧកញ៉ា លី យ៉ុង ផាត់ និងអ្នកឧកញ៉ា គិត ម៉េង តំណាងឱ្យសប្បុរសជនជាអ្នកឧកញ៉ា និងឧកញ៉ាកម្ពុជាទាំង១២៦ រូប បានសម្តែងនូវចំណាប់ អារម្មណ៍ពេញចិត្ត និងគោរពកោតសរសើរចំពោះការលះបង់របស់ លោក ហ៊ុន ម៉ាណែត និងលោកជំទាវ និងការខិតខំពុះពាររបស់ក្រុមគ្រូពេទ្យ ក៏ដូចជាកងកម្លាំងរបស់យើងទាំងអស់ នៅក្នុងការទប់ស្កាត់ការរាត្បាត នៃជំងឺកូវីដ-១៩ ក្នុងពេលដ៏លំបាកចំពោះមុខនេះ ។
ជាចុងក្រោយ តាមរយៈអ្នកឧកញ៉ា លី យ៉ុងផាត់ និងតំណាងសប្បុរសជនទាំង ០៩រូបទៀត លោកឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត បានផ្តាំផ្ញើនូវការថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុត ជូនសប្បុរសជនជាអ្នកឧកញ៉ា និងឧកញ៉ាកម្ពុជាទាំង ១២៦ រូប ចំពោះការឧបត្ថម្ភគាំទ្រដល់បេសកកម្ម ជួយដ៏មានសារៈសំខាន់បំផុតនេះ ៕