Covid-19

សម្ដេច ទៀ បាញ់ ណែនាំឱ្យកងទ័ព និងពលរដ្ឋប្រុងប្រយ័ត្នបន្ថែមទៀត ទោះបីវ៉ាក់សាំងកូវីដ-១៩ មកដល់កម្ពុជាបន្ដបន្ទាប់ក៏ដោយ

ភ្នំពេញ៖ សម្ដេច ទៀ បាញ់ ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងការពារជាតិ បានធ្វើការណែនាំដល់កងទ័ព និងប្រជាពលរដ្ឋ ត្រូវប្រុងប្រយ័ត្នបន្ថែមទៀត ទោះបី វ៉ាក់សាំងការពារជំងឺកូវីដ-១៩ មកប្រទេសកម្ពុជា បន្ដបន្ទាប់ក៏ដោយ។

យោងតាមរបាយការណ៍របស់ ក្រសួងសុខាភិបាល បានឱ្យដឹងថា គិតត្រឹមថ្ងៃទី១១ ឧសភា ក្រសួងសុខាភិបាល និងក្រសួងការពារជាតិ បានចាក់វ៉ាក់សាំងការពារកូវីដ-១៩ជូនមន្រ្តីរាជការ ប្រជាពលរដ្ឋ និងកងកម្លាំងប្រដាប់អាវុធ នៅទូទាំងប្រទេសចំនួន ១,៨៧៧,៨៤០នាក់។

តាមរយៈបណ្ដាញទំនាក់ទំនងសង្គមហ្វេសប៊ុក នាថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២១ សម្ដេច ទៀ បាញ់ បានបញ្ជាក់ថា «សូមបងប្អូនកងទ័ព ក៏ដូចជាប្រជាពលរដ្ឋទាំងអស់ បន្តរក្សាការប្រុងប្រយ័ត្នខ្ពស់ និងអនុវត្តឱ្យបានម៉ឺងម៉ាត់ បំផុតនូវ វិធានការ ៣ការពារ ៣កុំ ទោះបីជា វ៉ាក់សាំងការពារជំងឺកូវីដ-១៩បានមកដល់ជាបន្តបន្ទាប់ ហើយយុទ្ធនាការនៃការ ចាក់វ៉ាក់សាំងរបស់យើង ដំណើរការបានយ៉ាងល្អ ទៅតាមផែនការក៏ដោយ»។

សូមបញ្ជាក់ថា កម្ពុជា ទទួលបានវ៉ាក់សាំងជាង ៤លានដូសរួចមកហើយ រួមមាន៖ ស៊ីណូហ្វាម (Sinopharm) ដែលជាជំនួយរបស់រដ្ឋាភិបាលចិន ១.៧លានដូស, វ៉ាក់សាំងស៊ីណូវ៉ាក់(Sinovac) ទិញពីចិន ២លានដូស និងវ៉ាក់សាំងអាស្ត្រាហ្សេនីកា( AstraZeneca ) ៣២៤,០០០ដូស ជាជំនួយរបស់ខូវ៉ាក់ តាមរយៈអង្គការសុខភាពពិភពលោក(WHO)។ ខណៈកម្ពុជា នឹងស្វះស្វែងរកវ៉ាក់សាំង កូវីដ១៩ជាបន្តបន្ទាប់ទៀត ក្នុងការចាក់ជូនប្រជាពលរដ្ឋឱ្យបានជាង ១០លាននាក់ដើម្បីបង្កើតភាពស៊ាំ និងដើម្បីទប់ស្កាត់ការចម្លងរាលដាល ដល់ប្រជាពលរដ្ឋទូទាំងប្រទេស ៕

To Top