ព័ត៌មានជាតិ

រដ្ឋមន្ដ្រីសាធារណការ ចាត់ទុកបេសកកម្មរបស់ ឯកអគ្គរដ្ឋទូតសិង្ហបុរីថ្មីប្រចាំកម្ពុជា នឹងលើកកម្ពស់ទំនាក់ទំនង និងកិច្ចសហការគ្រប់វិស័យបន្ថែមទៀត

ភ្នំពេញ៖ លោក ស៊ុន ចាន់ថុល ទេសរដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូន បានថ្លែងថា បេសកកម្មការទូត សិង្ហបុរីថ្មី ប្រចាំកម្ពុជា ពិតជាមានសារៈសំខាន់ខ្លាំងណាស់ ព្រមទាំង លើកកម្ពស់ទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការ លើគ្រប់វិស័យរវាង កម្ពុជា-សិង្ហបុរី ឱ្យកាន់តែរឹងមាំបន្ថែមទៀត។

ក្នុងជំនួបពិភាក្សាការងារជាមួយលោកស្រី Teo Lay Cheng ឯកអគ្គរដ្ឋទូតសិង្ហបុរីថ្មី ប្រចាំកម្ពុជា កាលពីថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២១ លោក ស៊ុន ចាន់ថុល បានគូសបញ្ជាក់ថា «បេសកកម្មការទូតរបស់ លោកជំទាវឯកអគ្គរដ្ឋទូត គឺពិតជាមាន សារៈសំខាន់ខ្លាំងណាស់ដល់ការបន្តថែរក្សា និងលើកកម្ពស់ទំនាក់ទំនងមិត្តភាព និងកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យ រវាងកម្ពុជា-សិង្ហបុរី ឱ្យកាន់តែរឹងមាំ និងរីកចម្រើនខ្លាំងក្លាថែមទៀត»។

ជាការឆ្លើយតប ឯកអគ្គរដ្ឋទូតសិង្ហបុរីថ្មី ក៏បានបង្ហាញបំណងបន្តពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិរវាង ប្រទេសទំាងពីរ សិង្ហបុរី-កម្ពុជា ឱ្យកាន់តែរឹងមាំ ឡើងថែមទៀត តាមរយៈបេសកកម្មការទូតនៅកម្ពុជា។

ឆ្លៀតឱកាសនោះ រដ្ឋមន្ដ្រីសាធារណការ ក៏បានលើកឡើងអំពីអត្ថប្រយោជន៍ នៃគម្រោងមជ្ឈមណ្ឌលភស្តុភារកម្ម ភ្នំពេញនេះថា ជាគម្រោងយុទ្ធសាស្រ្តមួយ មានទីតាំងស្ថិតនៅចំកណ្តាលប្រទេស ជាមួយនឹងការគាំទ្រពី បណ្តាញផ្លូវជុំវិញទីក្រុងភ្នំពេញ ដើរតួនាទីក្នុងការចែកចាយទំនិញនៅក្នុងប្រទេស និងជាចំណុចតភ្ជាប់នៃការដឹកជញ្ជូនឆ្លងកាត់ ដែលរួមមាន៖ ផ្លូវថ្នល់ ផ្លូវដែក ផ្លូវទឹក និងផ្លូវអាកាស និងអាចបម្រើជាមណ្ឌល ដឹកជញ្ជូន និងភស្តុភារកម្មក្នុងតំបន់ផងដែរ ដោយហេតុថាកម្ពុជាមានទីតាំង ភូមិសាស្ត្រឋិតនៅចំកណ្តាល ប្រទេសមហាអនុតំបន់ទន្លេមេគង្គ ៕

To Top