ព័ត៌មានជាតិ

លោក កឹម សុខា ចែកអំណោយ ឲ្យប្រជាពលរដ្ឋ ក្នុងតំបន់បិទខ្ទប់

ភ្នំពេញ ៖ ទោះបីមិនបានចេញទៅចែកដោយផ្ទាល់ដៃក្តី តែលោក កឹម សុខា នៅថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២១នេះ បានចាត់តាំងឲ្យសហមេធាវី និងសហការីនាំយកជំនួយមនុស្សធម៌របស់លោក និងសប្បុរសជនខ្មែរក្នុង-ក្រៅប្រទេស ទៅចែកជូនពលរដ្ឋ ខ្វះខាតរស់នៅក្នុងតំបន់បិទខ្ទប់ដោយសារការរីករាលដាលជំងឺកូវីដ-១៩ ក្នុងខណ្ឌទួលគោក ចំនួន១០០គ្រួសារ។

អំណោយសម្រាប់ចែកជូនក្នុងមួយគ្រួសារៗរួមមាន៖ អង្ករ-ត្រីខ-ឆៃប៉ូវផ្អែម-ទឹកស៊ីអ៊ីវ-ម៉ាស់-អាល់កុល-សាប៊ូនិងថវិកា ២០០០០រៀល។

លោក កឹម សុខា ថ្លែងក្នុងហ្វេសប៊ុកថា បើខ្មែរមានទុក្ខ ត្រូវតែខ្មែរជួយខ្មែរ បើខ្មែរមានបញ្ហាក៏ត្រូវតែមានដំណោះស្រាយរវាងខ្មែរនិងខ្មែរដែរ ទោះបីកន្លងមកតែងតែមានអន្តរជាតិជួយក៏ដោយ។

លោកថា ទោះបីពេលនេះ លោកមិនមានសិទ្ធិធ្វើនយោបាយក្តី តែលោកមិនបិទភ្នែកសម្ងំសុខតែឯង មិនគិតតែបក្ខពួកស្វែងរកបុណ្យស័ក្តិលាភសក្ការៈ មិនក្បត់ឆន្ទៈរាស្ត្រ មិនបង្កជម្លោះ មិនធ្វើអ្វីឲ្យប៉ះពាល់ដល់ប្រទេសជាតិឡើយ។

លោកបញ្ជាក់ថា “ខ្ញុំធ្វើអ្វីៗដើម្បីខ្មែរ ជាក់ស្តែងគឺទន្ទឹមនឹងធ្វើទំនាក់ទំនងការទូត និងទំនាក់ទំនងជាមួយមេដឹកនាំខ្មែរ និងខ្មែរនៅក្នុងប្រទេសកម្ពុជាដើម្បីប្រយោជន៍ខ្មែរ ខ្ញុំក៏តែងតែចុះជួបសួរសុខទុក្ខប្រជាពលរដ្ឋតាមមូលដ្ឋានផ្ទាល់ និងចូលរួមជួយជាជំនួយមនុស្សធម៌ដល់បងប្អូនជនរួមជាតិដែលរងគ្រោះកន្លងមកក៏ដូចជាបច្ចុប្បន្ន និងបន្តទៅថ្ងៃមុខទៀតផងដែរ” ៕

To Top