ព័ត៌មានជាតិ

ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា សង្ឃឹមថា ក្រុមហ៊ុនបរទេស​ នឹងមើលឃើញបរិស្ថាន វិនិយោគនៅកម្ពុជា

ភ្នំពេញ ៖ លោក សុខ ចិន្តាសោភា រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តី អគ្គលេខាធិការក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានសង្ឃឹមថា អ្នកវិនិយោគ និងក្រុមហ៊ុនបរទេស នឹងមើលឃើញថា កម្ពុជាកំពុងបង្កើតនូវបរិស្ថានវិនិយោគ ដែលស្វាគមន៍ វត្តមានរបស់ពួកគេ ។

ក្នុងពិធីប្រកាសឱ្យប្រើបាស់ប្រព័ន្ធទិន្នន័យ ស្តីពីសន្ធានកម្មខ្សែច្រវាក់ផ្គត់ផ្គង់ សំដៅផ្តល់កិច្ចសម្រួលវិនិយោគ សម្រាប់អភិវឌ្ឍន៍ចីរភាព នាថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២១ តាមរយៈ ប្រព័ន្ធវិដេអូ លោក សុខ ចិន្តាសោភា បានអំណរគុណចំពោះ វេទិកា សេដ្ឋកិច្ចពិភពលោក បានសហការរៀបចំប្រព័ន្ធ ទិន្នន័យនេះ ដើម្បីផ្តល់នូវថ្នាលបច្ចេកវិទ្យាព័ត៌មាន សម្រាប់សម្រួលដល់ការ ធ្វើសន្ធានកម្ម ខ្សែច្រវាក់ផ្គត់ផ្គង់រវាង អ្នកផ្គត់ផ្គង់ ក្នុងស្រុក និងអ្នកវិនិយោគ ដោយផ្តោតលើការផ្តល់កិច្ចសម្រួលវិនិយោគ សម្រាប់អភិវឌ្ឍន៍ចីរភាព ។

លោក បញ្ជាក់ថា «ស្នើសុំឲ្យតួអង្គពាក់ព័ន្ធទាំងអស់ ចូលរួមប្រើប្រាស់ប្រព័ន្ធទិន្នន័យនេះ ឱ្យបានទូលំទូលាយ ដោយសង្ឃឹ មយ៉ាងមុតមាំថា អ្នកវិនិយោគ និងក្រុមហ៊ុនបរទេស នឹងមើលឃើញថា កម្ពុជាកំពុងបង្កើតនូវបរិស្ថានវិនិយោគ ដែលស្វាគមន៍វត្តមានរបស់ពួកគេ ខណៈខិតខំជំរុញការវិនិយោគ ដែលមានទង្វើធុរកិច្ចប្រកបដោយការទទួលខុសត្រូវ និងមានចីរភាព»។

នាឱកាសនោះ លោកបណ្ឌិត ម៉ាធូ ស្តេហ្វិនសុន (Matthew Stephenson) នាយកគោលនយោបាយ និងសហគមន៍ នៃនាយក-ដ្ឋានវិនិយោគ និងពាណិជ្ជកម្មអន្តរជាតិ នៃ វេទិកាសេដ្ឋកិច្ចពិភពលោក បានលើកឡើងថា ក្រុមហ៊ុនបរទេស ដែលស្វែងរក ការវិនិយោគអនុលោមតាម គោលការណ៍បរិស្ថាន, សង្គម, និង អភិបាលកិច្ច (ESG) អាចដាក់ការវិនិយោគ នៅកម្ពុជា ជា មួយក្រុមហ៊ុនក្នុងស្រុក ដែលកំពុងប្រតិបត្តិការ ប្រកបដោយចីរភាព ហើយក្រុមហ៊ុនកម្ពុជាដទៃទៀត អាចបង្វែរការតម្រង់ទិស ប្រតិបត្តិការធុរកិច្ចរបស់ខ្លួន ទៅរកការអភិវឌ្ឍប្រកប ដោយចីរភាពកាន់តែច្រើនថែមទៀត ដើម្បីទាក់ទាញការធ្វើធុរកិច្ចរួមគ្នា ជាមួយនឹងក្រុមហ៊ុនបរទេស សំដៅលើកកម្ពស់ការធ្វើសន្ធានកម្ម ខ្សែច្រវាក់ផ្គត់ផ្គង់តំបន់ និងសកលលោក។

សូមបញ្ជាក់ថា ការជ្រើសរើសកម្ពុជា ជាដៃគូពិភាក្សារបស់វេទិកា សេដ្ឋកិច្ចពិភពលោក លើការផ្តល់កិច្ចសម្រួលវិនិយោគ សម្រាប់ការអភិវឌ្ឍ ប្រកបដោយចីរភាព គឺឈរលើមូលដ្ឋានរឹងមាំ របស់កម្ពុជា ដែលមានគោលនយោបាយបើកចំហ ដ៏ប្រសើរចំពោះការវិនិយោគ៕

To Top