ភ្នំពេញ ៖ តាមរយៈលោកស្រី Teo Lay Chengដែលជាឯកអគ្គរដ្ឋទូតសិង្ហបុរី ប្រចាំកម្ពុជាលោក អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានលើកទឹកចិត្ត ឲ្យថៅកែជនជាតិសិង្ហបុរីបង្កើន ការវិនិយោគនៅកម្ពុជា ក្រោយចប់វិបត្តិជំងឺកូវីដ-១៩ ដើម្បីស្ដារសេដ្ឋកិច្ចកម្ពុជាឡើងវិញ ។
ក្នុងជំនួបពិភាក្សាការងារ ជាមួយលោកស្រី Teo Lay Cheng កាលពីថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២១ លោក អូន ព័ន្ធមុនីរ័ត្ន លើកឡើងថា ដើម្បីការពារអាយុជីវិត និងសុខភាពរបស់ប្រជាជនកម្ពុជា ក៏ដូចជា ធានាស្ថិរភាពក្នុងដំណើរការជាប្រក្រតី ផ្នែកសង្គម និងសេដ្ឋកិច្ច ព្រមទាំងបិទបញ្ចប់ការឆ្លងរាលដាលធ្ងន់ធ្ងរ នៃជំងឺកូវីដ១៩ក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ និងខេត្តកណ្ដាល ក៏ដូចជាតាមបណ្ដាខេត្តដ៏ទៃទៀត រាជរដ្ឋាភិបាល បានដាក់ចេញយុទ្ធនាការជាតិ វ៉ាក់សាំងការពារជំងឺកូវីដ-១៩ សំដៅបង្កើតឲ្យមានភាពសុំាសហគមន៍ (Herd Immunity) ទប់ទល់នឹងការឆ្លងរាលដាល នៃជំងឺកូវីដ-១៩។
លោកបញ្ជាក់ថា «សូមសម្តែងនូវអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះកិច្ចសហប្រតិបត្តិការកម្ពុជា-សិង្ហបុរី កន្លងមក និង នាពេលអនាគត ជាពិសេស ក្រោយវិបត្តិជំងឺកូវីដ ១៩ ដោយលើកទឹកចិត្តសិង្ហបុរីជំរុញ និងបង្កើនការវិនិយោគនៅកម្ពុជា ក៏ដូចជាការចូលរួមក្នុងការស្ដារឡើងវិញ នៃសេដ្ឋកិច្ចកម្ពុជា»។
ជាការឆ្លើយតប ឯកអគ្គរដ្ឋទូតសឹង្ហបុរី បានសម្ដែងនូវឆន្ទៈមុតមាំ ក្នុងការពង្រឹង កិច្ចសហប្រតិបត្តិការ កម្ពុជា-សង្ហបុរីឲ្យកាន់តែរឹងមាំនាពេលអនាគត ៕