ភ្នំពេញ៖ អាជ្ញាធររាជធានីភ្នំពេញ នៅថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២១នេះ បានបន្តចែកស្បៀងអាហារ ជូនប្រជាពលរដ្ឋ រស់នៅតំបន់បិទខ្ទប់ ចំនួន៥០០០គ្រួសារបន្ថែមទៀត ដែលគិតមកដល់ពេលនេះ ប្រជាពលរដ្ឋ ជិត៤០ម៉ឺនគ្រួសារមកហើយ ទទួលបានស្បៀងអាហារ របស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន។
តាមការឲ្យដឹង ពីមន្ត្រីរដ្ឋបាលរាជធានីភ្នំពេញបញ្ជាក់ថា សម្រាប់ថ្ងៃទី១៣ ឧសភានេះ អាជ្ញាធររាជធានីភ្នំពេញ បានបន្តចែកជូនស្បៀងអាហារ ជូនប្រជាពលរដ្ឋ នៅតំបន់បិទខ្ទប់ ចំនួន៥០០០គ្រួសារបន្ថែមទៀត ក្នុងនោះបានចែកជូន ប្រជាពលរដ្ឋនៅខណ្ឌមានជ័យ ចំនួន៨០០គ្រួសារ ខណ្ឌកំបូលចំនួន១០០គ្រួសារ ខណ្ឌ៧មករាចំនួន៥០០គ្រួសារ ខណ្ឌច្បារអំពៅ៨០០គ្រួសារ ខណ្ឌដូនពេញ ២០០គ្រួសារ ខណ្ឌទួលគោក ចំនួន៥០០គ្រួសារ ខណ្ឌចំការមន ៥០០គ្រួសារ ខណ្ឌបឹងកេងកង ២០០គ្រួសារនិង ខណ្ឌព្រែកព្នៅ ៥០០គ្រួសារ។
ប្រភពពីមន្ត្រីដដែលបន្តថា អាជ្ញាធររាជធានីភ្នំពេញ ក្រោមការណែនាំ និងបញ្ជាពីលោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ សហការជាមួយ កងទ័ពជើងគោក បានដឹកជញ្ជូន ស្បៀងអាហារ ដែលជាអំណោយដ៏ថ្លៃថ្លា របស់សម្តេចតេជោ ហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា យកទៅចែកជូន ប្រជាពលរដ្ឋ ក្នុងតំបន់បិទខ្ទប់ នៅរាជធានីភ្នំពេញ ចាប់ពីថ្ងៃទី១៩ មេសា ដល់ថ្ងៃ១៣ឧសភានេះ បានចំនួន៣៩៩៦៥២គ្រួសារ។
គួរបញ្ជាក់ថា អនុវត្តតាមបទបញ្ជារបស់លោក ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការង នៃកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងទ័ពជើងគោក ពាក់ព័ន្ធនិងសកម្មភាពមនុស្សធម៏ខាងលើនេះ បានប្រើប្រាស់កងកម្លាំងទ័ពជើងគោក ចំនួន២០៦នាក់ និងរថយន្ត៦២គ្រឿង ដោយសហការ ជាមួយរដ្ឋបាលរាជធានីភ្នំពេញ ក្នុងការដឹកជញ្ជូនស្បៀងអាហារ ទៅចែកជូនប្រជាពលរដ្ឋ ដែលមានជីវភាពខ្វះខាត នៅក្នុងខណ្ឌទាំង១៤ ក្នុងរាជធានី ដែលមានដូចជា អង្ករ, មី, ទឹកត្រី, ទឹកស៊ីអ៊ីវ, និងត្រីខជាដើម ដើម្បីរំលែកទុក្ខលំបាកប្រជាពលរដ្ឋ នៅតំបន់បិទខ្ទប់៕