ព័ត៌មានជាតិ

លោក ជិន ម៉ាលីន ៖ ការកំណត់វ៉ាក់សាំង កាតព្វកិច្ច សម្រាប់មន្ត្រីរាជការ និងសម្រាប់ធ្វើជាមន្រ្តី មិនមែន ជាការបំពានសិទ្ធិ

ភ្នំពេញ ៖ អនុប្រធាន និងជាអ្នកនាំពាក្យ គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា លោក ជិន ម៉ាលីន បានថ្លែងថា ការកំណត់វ៉ាក់សាំង កាតព្វកិច្ច សម្រាប់មន្ត្រីរាជការ និងជាលក្ខខណ្ឌ សម្រាប់ធ្វើជាមន្រ្តី មិនមែនជាការរំលោភ បំពានសិទ្ធិនោះទេ ព្រោះធ្វើឡើង ដើម្បីប្រយោជន៍សាធារណៈ ។

ការលើកឡើងបែបនេះ របស់លោក ជិន ម៉ាលីន ក្រោយមានការចោទសួរថា តើការកំណត់វ៉ាក់សាំង កាតព្វកិច្ចសម្រាប់មន្ត្រីរាជការ និងជាលក្ខខណ្ឌ សម្រាប់ធ្វើជាមន្រ្តី ជាការរំលោភបំពានសិទ្ធិស្មើភាពគ្នា ចំពោះមុខច្បាប់ ដូចការចោទប្រកាន់ របស់សង្គម ស៊ីវិលមួយចំនួន ដែរឬទេ?

តាមរយៈសារតេឡេក្រាម កាលពីថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២១ លោក ជិន ម៉ាលីន បានឆ្លើយតបវិញថា ផ្អែកលើគោលការណ៍ច្បាប់សិទ្ធិមនុស្សជាតិ និងអន្តរជាតិ អាជ្ញាធរសាធារណៈ អាចកំណត់នូវលក្ខខណ្ឌមួយចំនួន បានក្នុងការជ្រើស រើសមន្រ្តី ដូចជា លក្ខខណ្ឌអាយុ បទពិសោធន៍ សញ្ញាបត្រ ពិរុទ្ធភាព ការចាក់វ៉ាក់សាំង ជាដើម។ រួមទាំង លក្ខខណ្ឌផ្សេង ទៀតផងដែរ ដែលមានភាពចាំបាច់ និងដើម្បីធានាបាននូវគុណភាព ប្រសិទ្ធភាព និងសុវត្ថិភាពរបស់ស្ថាប័ន ។

លោកថា “ដែលការកំណត់នេះ មិនមែនជាការរំលោភបំពានសិទ្ធិស្មើភាពគ្នា ចំពោះមុខច្បាប់នោះទេ ព្រោះថា វាធ្វើឡើងដើម្បីប្រយោជន៍សាធារណៈ ហើយជាពិសេសលក្ខខណ្ឌវ៉ាក់សាំងនេះ គឺដើម្បីទប់ស្កាត់ និងប្រយុទ្ធប្រឆាំងការឆ្លងរាលដាលកូវីដ-១៩ មិនមែនដើម្បីប្រយោជន៍ឯកជននោះទេ»។

លោក បន្ដថា ប្រសិនបើការកំណត់លក្ខខណ្ឌ វ៉ាក់សាំងកាតព្វកិច្ចនេះ ជាការរំលោភបំពានសិទ្ធិ ស្មើភាពគ្នា ចំពោះមុខច្បាប់ ដូចសង្គមស៊ីវិល ចោទប្រកាន់មែននោះ ហេតុអ្វីក៏មិនលើកពីលក្ខខណ្ឌផ្សេងទៀត ដូចជា អាយុ បទពិសោធន៍ និងសញ្ញាបត្រ ជាដើម ជាការរំលោភបំពានសិទ្ធិ ស្មើភាពគ្នា ចំពោះមុខច្បាប់ ព្រោះអ្នកដែលមិនអាចបំពេញ បានលក្ខខណ្ឌទាំងនេះ មិនអាចប្រឡងធ្វើជាមន្រ្តី បាននោះទេ ។

លោក បន្ថែមថា សិទ្ធិស្មើភាពគ្នាចំពោះមុខច្បាប់ មិនមែនមានន័យថា ពលរដ្ឋត្រូវទទួលបាននូវលក្ខខណ្ឌ ដូចគ្នា ទាំងអស់ពីរដ្ឋនៅគ្រប់ករណី និងគ្រប់កាលៈទេសៈនោះទេ គឺអាចមានការលើកលែង ហើយដែលករណីលើកលែងនេះ ធ្វើឡើងក្នុងស្ថានភាពចាំបាច់ និង ដើម្បីប្រយោជន៍សាធារណៈ ដូចជា អនីតិជន មិនអាចបោះឆ្នោតបាន អ្នកធ្លាប់មានទោស ពីបទឧក្រិដ្ឋមិនត្រូវបាន អនុញ្ញាត ឲ្យធ្វើជាមន្រ្តីរាជការ និងព្រះសង្ឃក៏មិនអាចបង្កើតបក្ស នយោបាយបាន ៕

To Top