ព័ត៌មានជាតិ

សម្ដេចតេជោ ៖ សង្គមជាតិរីកចម្រើន គ្រួសារនីមួយៗ ត្រូវទូន្មានសមាជិក គ្រួសារឲ្យមានអត្តចរិតល្អ ចំណេះដឹង និងជំនាញ

ភ្នំពេញ ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានថ្លែងថា ប្រទេសមួយមានការរីកចម្រើន គឺគ្រួសារនីមួយៗ ត្រូវបន្ដលើកកម្ពស់ការថែទាំ ទូន្មានប្រៀនប្រដៅ និងការបណ្ដុះបណ្ដាលសមាជិកក្នុងគ្រួសារគ្រប់រូបឲ្យមានអត្ដចរិតល្អ ចំណេះដឹង ចំណេះ ធ្វើ ជំនាញវិជ្ជាជីវៈ និងសមត្ថភាពខ្ពង់ខ្ពស់ ដើម្បីកសាងជីវភាពរស់នៅ សមរម្យប្រកបដោយ សេចក្ដីថ្លៃថ្នូរ។

តាមរយៈសារលិខិតរបស់ សម្ដេចតេជោ ក្នុងឱកាសទិវាអន្ដរជាតិស្ដីពី «គ្រួសារ» ក្រោមប្រធានបទ «កម្លាំងសេ វាសង្គមមានតួនាទីយ៉ាងសំខាន់ ក្នុងការលើក កម្ពស់តួនាទីគ្រួសារ» នាថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២១ បានឲ្យដឹងថា ក្នុងពិភពលោក ក៏ដូចជានៅកម្ពុជា គ្រួសារគឺជាផ្នែកមួយដ៏សំខាន់សម្រាប់មនុស្សគ្រប់រូប ព្រោះមនុស្ស គ្រប់គ្នារស់នៅលូតលាស់អភិវឌ្ឍន៍ នៅក្នុងគ្រួសារដោយមានលោកឪពុក អ្នកម្តាយជាអ្នកអប់រំ និងជាគ្រូបង្រៀនដំបូងរបស់កុមារ ដូច្នេះតួនាទីរបស់ពួកគេ ក្នុងការបង្កើតបុគ្គលិកលក្ខណៈរបស់មនុស្សគឺធំធេងណាស់។

សម្ដេចតេជោ មានប្រសាសន៍ថា «ដើម្បីធ្វើឲ្យសង្គម ជាតិមួយមានការរីកចម្រើនប្រកបដោយចីរភាពគ្រួសារ នីមួយៗត្រូវបន្ដលើកកម្ពស់ការថែទាំ ការអប់រំ ទូន្មានប្រៀនប្រដៅ និងការបណ្ដុះបណ្ដាលដល់សមាជិកក្នុងគ្រួសារ គ្រប់រូបឲ្យមានអត្ដចរិតល្អ ចំណេះដឹង ចំណេះធ្វើ ជំនាញវិជ្ជាជីវៈ និងសមត្ថភាពខ្ពស់ ក្នុងការកសាងជីវភាពរស់នៅ សមរម្យប្រកបដោយ សេចក្ដីថ្លៃថ្នូរ និងមានឆន្ទះមោះមុតចូលរួមចំណែក យ៉ាងសកម្ម ក្នុងការអភិវឌ្ឍសេដ្ឋកិច្ច សង្គមកិច្ច វប្បធម៌ ស្ថិរភាពនយោបាយ និងរក្សានូវតម្លៃនៃវប្បធម៌ ប្រពៃណីជាតិ»។

សម្ដេចតេជោ ក៏បានកោតសរសើរ និងគោរពដឹងគុណជាទីបំផុតចំពោះក្រុមគ្រួសារទាំងឡាយ ជាពិសេសគឺលោកឪពុក និងអ្នកម្តាយទាំងឡាយ ដែលតែងតែពលិកម្ម និងលះបង់គ្រប់បែបយ៉ាងក្នុងការចិញ្ចឹមបីបាច់ថែរក្សាកូនចៅ ឱ្យក្លាយជាកូ នល្អ សិស្សល្អ និងពលរដ្ឋល្អសម្រាប់គ្រួសារ សហគមន៍ និងសង្គមជាតិ ព្រមទាំង ការចូលរួម ចំណែកយ៉ាងសកម្ម ក្នុងការបន្តថែរក្សា និងលើកស្ទួយមរតកវប្បធម៌ សាសនា ប្រពៃណី ទំនៀមទម្លាប់ដ៏ល្អផូរផង់របស់ប្រជាជាតិ។

សម្ដេចតេជោ បន្ដថា ពិសេសនោះណែនាំកូនចៅប្រកាន់ខ្ជាប់នូវសីលធម៌ សុជីវធម៌ ការយោគយល់ ការអធ្យាស្រ័យ, ការសណ្តោសប្រណី និងការគោរពច្បាប់ ដើម្បីរក្សាឱ្យបាននូវភាពសុខដុមរមនា សាមគ្គីភាព និងសេចក្តីថ្លៃថ្នូរ ក្នុងសង្គមជាតិ ស័ក្តិសមជាឧត្តមប្រទេសមួយដែលមានវប្បធម៌ អរិយធម៌ដ៏ល្អផូរផង់ និងសម្បូរបែបនៅលើសកលលោក តាំងពីបុរាណកាលរហូតមកដល់បច្ចុប្បន្ន។

សម្ដេចតេជោ ក៏បានសង្ឃឹមយ៉ាងមុតមាំថា គ្រួសារទាំងអស់នឹងបន្តអនុវត្តនូវប្រពៃណីដ៏ល្អផូរផង់នេះ ដើម្បីបន្តរួមចំណែក ថែរក្សា និងកសាងសមិទ្ធផល នានាបន្ថែមទៀតសម្រាប់ឧត្តមប្រយោជន៍ជាតិ ៕

To Top