ព័ត៌មានជាតិ

ក្រសួងសុខាភិបាល កំពុងរៀបចំផែនការ វ៉ាក់សាំងកូវីដ-១៩ ជូនប្រជាពលរដ្ ឋរស់នៅភ្នំពេញ និងខេត្តកណ្ដាល ឱ្យបានលឿនបំផុត

ភ្នំពេញ ៖ លោកស្រី យក់ សម្បត្តិ រដ្ឋលេខាធិការក្រសួងសុខាភិបាល បានថ្លែងថា គណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ-១៩ ក្នុងក្របខណ្ឌទូទាំងប្រទេស (គ.វ.ក-១៩) នៃក្រសួងសុខាភិបាល បាននិងកំពុងរៀបចំផែនការចាក់វ៉ាក់សាំង ឱ្យបានល្បឿនលឿនជាទីបំផុត សម្រាប់ចាក់ជូនប្រជាពលរដ្ឋរស់នៅ រាជធានីភ្នំពេញ និងក្រុងតាខ្មៅខេត្តកណ្ដាល ។


ក្នុងពិធីទទួល វ៉ាក់សាំងស៊ីណូវ៉ាក់ ចំនួន៥០ម៉ឺនដូសទៀត ដែលរាជរដ្ឋាភិបាលកម្ពុជា បញ្ជាទិញពីរដ្ឋាភិបាលចិននាថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២១ នៅព្រលានយន្ដហោះអន្ដរជាតិភ្នំពេញ លោកស្រី យក់ សម្បត្តិ ប្រាប់ ក្រុមអ្នកសារព័ត៌មានថា វ៉ាក់សាំងស៊ីណូវ៉ាក់ មកដល់កម្ពុជានាថ្ងៃនេះ គឺសម្រុកចាក់ជូនប្រជាពលរដ្ឋរស់នៅតំបន់ក្រហម ក្នុងរាជធានីភ្នំពេញ និងខេត្តកណ្ដាល។

លោកស្រី បញ្ជាក់យ៉ាងដូចេ្នះថា «ខ្ញុំគិតថា គណៈកម្មការចំពោះកំពុងតែមមាញឹក ក្នុងការរៀបចំផែនការចាក់ឱ្យមានល្បឿន ហើយខាងបងៗកងទ័ពក៏បានចាក់ ដំណាលគ្នាជាមួយ អាជ្ញាធររាជធានីភ្នំពេញ ហើយរៀបចំផែនការផង ចុះបណ្ដើរៗផង ហើយវ៉ាក់សាំង ថ្ងៃទី១៦ ឧសភា នេះ ៥០ម៉ឺនដូសទៀត ហើយវ៉ាក់សាំង ថ្ងៃ២៣ ឧសភា នឹងមកដល់ទៀត។ ដូច្នេះវ៉ាក់ សាំងរបស់យើងមកដល់ស្របពេលផែនការចុះចាក់»។

លោកស្រី បន្ដថា រាជរដ្ឋាភិបាលកម្ពុជា មានផែនការច្បាស់លាស់ ក្នុងចាក់វ៉ាក់សាំងជំងឺកូវីដ-១៩ ជូនប្រជាពលរដ្ឋឱ្យបាន គ្រប់ៗគ្នា។ លោកស្រី ថា ឆ្នាំ២០២១ នេះ នឹងចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋរស់នៅ រាជធានីភ្នំពេញ និងខេត្តកណ្ដាល នៃ ក្រុងតាខ្មៅ ឱ្យបានគ្រប់ៗគ្នា ខណៈរាជរដ្ឋាភិបាលកម្ពុជា បានបញ្ជាទិញវ៉ាក់សាំងជាបន្ដបន្ទាប់ ដើម្បីចាក់ជូនប្រជាពលរដ្ឋ ។

ជាងនេះទៅទៀត រដ្ឋលេខាធិការ ក្រសួងសុខាភិបាល ក៏បានថ្លែងអំណរគុណចំពោះ រដ្ឋាភិបាលចិន ដែលផ្ដល់វ៉ាក់សាំង ជំងឺកូវីដ-១៩ មកដល់កម្ពុជា ជាបន្ដបន្ទាប់។

សូមបញ្ជាក់ថា យោងតាមរបាយការណ៍របស់ ក្រសួងសុខាភិបាល បានឱ្យដឹងថា គិតត្រឹមថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២១ ក្រសួងសុខាភិបាល និងក្រសួងការពារជាតិ បានចាក់វ៉ាក់សាំងការពារកូវីដ-១៩ ជូនមន្រ្តីរាជការ ប្រជាពលរដ្ឋ និងកងកម្លាំងប្រដាប់អាវុធ នៅទូទាំងប្រទេស ចំនួន ២,០៦៦,៨១៣នាក់៕

To Top