នយោបាយ

លោក សុខ ឥសាន៖ អត់មានបង្ក្រាបអ្នកមាន និន្នាការនយោបាយផ្ទុយទេ តែបង្ក្រាបអ្នកបំផ្លាញជាតិ

ភ្នំពេញ៖ អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា លោក សុខ ឥសាន បានថ្លែងតបទៅក្រុមប្រឆាំងនៅក្រៅប្រទេសថា កងកម្លាំងនគរបាលជាតិអត់មាន ទៅបង្ក្រាបអ្នកដែលមាន និន្នាការនយោបាយផ្ទុយទេ គឺគោលបំណងបង្ក្រាបទៅលើអ្នក មានបំណងបំផ្លាញជាតិខ្មែរតែប៉ុណ្ណោះ ។

តាមរយៈបណ្តាញតេឡេក្រាមនាថ្ងៃ១៧ ឧសភានេះ លោក សុខ ឥសាន បានលើកឡើងថា “អត់មានបង្ក្រាប អ្នកមាននិន្នាការនយោបាយផ្ទុយទេ គឺបង្ក្រាបតែក្រុមឧទ្ទាមក្រៅច្បាប់ ដែលចង់បំផ្លាញជាតិប៉ុណ្ណោះ ។ ក្រុមឧទ្ទាមក្រៅច្បាប់ដែលជា ក្រុមភេរវកម្មទុកមិនបានទេ ត្រូវតែងើបមួយវាយមួយ ងើបពីរវាយពីរទើបបាន”។

លោកបន្តថា នគរបាល និងកងកម្លាំងប្រដាប់អាវុធដទៃទៀត មានតួនាទីថែរក្សាសន្តិភាព សន្តិសុខសណ្តាប់ធ្នាប់ជូនជាតិ និងប្រជាជនមិនបណ្តោយឲ្យក្រុមឧទ្ទាមក្រៅច្បាប់ បង្ករអុកឡុកសង្គមជាតិឡើយ ។

ការថ្លែងរបស់អ្នកនាំពាក្យកាន់អំណាចនេះ បន្ទាប់ពីវិទ្យុអាស៊ីសេរីបានផ្សាយនាថ្ងៃ១៦ ឧសភាថា “មន្រ្តីគណបក្សប្រឆាំងប្រតិកម្មសារសម្តេចតេជោ ហ៊ុន សែន ឲ្យកងកម្លាំងនគរបាល បង្រ្កាបពលរដ្ឋមាននិន្នាការផ្ទុយ”។

វិទ្យុនេះស្រង់សំដីលោក អំ សំអាន ដែលជាអតីតមន្រ្តីអតីតគណបក្សសង្រ្គោះជាតិថា “បក្សកាន់អំណាចកំពុងរៀបចំ បន្តកាន់អំណាចផ្តាច់ការ ដោយផាត់ចោលសម្លេងប្រជាពលរដ្ឋ ដែលចង់ឲ្យមានការផ្លាស់ប្តូរ តាមការបោះឆ្នោតដោយសេរី ត្រឹមត្រូវ និងយុត្តិធម៌។ មេដឹកនាំនគរបាលជាតិមួយចំនួន បានចូលដៃបំផ្លាញប្រជាធិបតេយ្យ និងរំលោភសិទ្ធិមនុស្សដែលធ្វើឲ្យសហរដ្ឋអាមេរិក និងសហគមន៍អឺរ៉ុប បានដាក់ទណ្ឌកម្មជាបន្តបន្ទាប់”។

ត្រង់ចំណុចនេះ លោក សុខ ឥសានថ្លែងបកដោយលាយការវាយប្រហារថា “ក្នុងការបោះឆ្នោតលុះត្រាតែពួកវាឈ្នះ ទើបវាថា ការបោះឆ្នោតត្រឹមត្រូវ សេរី និងយុត្តិធម៌ ។ បើពួកវាចាញ់ឆ្នោត ពួកវានៅតែថា ការបោះឆ្នោតមិនត្រឹមត្រូវ មិនសេរី និងមិនយុត្តិធម៌ដដែល” ។

សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា ក្នុងឱកាសរំលឹកខួបអនុស្សាវរីយ៍លើកទី៧៦ ថ្ងៃកំណើតនគរបាលជាតិកម្ពុជា នាថ្ងៃ១៦ឧសភា បានផ្ញើសារទៅកាន់កងកម្លាំងនគរបាលជាតិថា កម្ពុជានឹងត្រូវត្រៀមរៀបចំការបោះឆ្នោត ជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ អាណត្តិទី៥ ក្នុងឆ្នាំ២០២២ខាងមុខ ដែលគោលដៅនៃការប៉ុនប៉ង វាយប្រហាររបស់ក្រុមឧទ្ទាមក្បត់ជាតិ ដើម្បីបំផ្លាញកិច្ចដំណើរការនៃ ព្រឹត្តិការណ៍នយោបាយដ៏សំខាន់នេះ ។ ដូច្នេះស្ថានការណ៍នេះ ទោះបីតិចឬច្រើន ផ្ទាល់ឬប្រយោល សុទ្ធតែមានផលប៉ះពាល់ដល់ សន្តិសុខផ្ទៃក្នុងយ៉ាងពិតប្រាកដដែល បញ្ហាទាំងអស់នេះ តម្រូវឲ្យកងកម្លាំងនគរបាលជាតិ បន្តពង្រឹងទប់ស្កាត់ និងបង្រ្កាបឲ្យទាន់ពេលវេលា ដោយមិនពួកគេសម្រេចផែនការ ទុច្ចរឹតទាំងនោះបានជាដាច់ខាត ៕

To Top