ព័ត៌មានជាតិ

បិទការចេញ-ចូល ជាបណ្ដោះអាសន្ន ទីតាំង ផ្ទះ អាជីវកម្មដ្ឋាន ចំនួន១៦ទីតាំង ក្នុងភូមិសាស្រ្ត ខេត្តសៀមរាប

ភ្នំពេញ ៖ រដ្ឋបាលខេត្តសៀមរាប បានឱ្យដឹងថា នៅថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០២១ រដ្ឋបាលខេត្តប៉ៃលិន បានរកឃើញអ្នកវិជ្ជមាន ជំងឺកូវីដ-១៩ ថ្មី ចំនួន១នាក់ ឈ្មោះ គេង រ៉ាវី ភេទប្រុស អាយុ២៦ឆ្នាំ រស់នៅសង្កាត់ បឹងកក់១ ខណ្ឌទួលគោក រាជធានីភ្នំពេញ មុខរបរជាបុគ្គលិកក្រុមហ៊ុន លក់សំបកកង់ឡាន Wing Force ។

ជាមួយគ្នានេះ តាមរយៈលទ្ធផល នៃការស្រាវជ្រាវរបស់រដ្ឋបាល ខេត្តប៉ៃលិនបង្ហាញថា អ្នកវិជ្ជមានជំងឺកូវីដ-១៩ ខាងលើ ឆ្លាប់បានធ្វើដំណើរ ទៅកាន់ទីតាំងមួយចំនួន ក្នុងភូមិសាស្ត្រខេត្តសៀមរាប មាន១៦ទីតាំង រួមមានអាជីវកម្មដ្ឋាន ជួសជុល និងលក់សំបកកង់រថយន្តមួយចំនួនក្នុងភូមិសាស្រ្តខេត្តសៀមរាប និងបានស្នាក់នៅផ្ទះសំណាក់ វ៉ៃ ហុង អង្គរ ស្ថិតនៅភូមិចុងកៅស៊ូ សង្កាត់ស្លក្រាម នៅថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២១។

ចំពោះករណីនេះ គណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត សម្រេចបិទការចេញ-ចូលជាបណ្ដោះអាសន្ន ទីតាំង ផ្ទះ អាជីវកម្មដ្ឋាន ចំនួន១៦ ក្នុងភូមិសាស្រ្តខេត្តសៀមរាប ដូចមានក្នុងបញ្ជីជូនភ្ជាប់ ចាប់ពីកាលបរិច្ឆេទជូនដំណឹងនេះតទៅ រហូតដល់មានការជូនដំណឹង ជាថ្មីឡើងវិញ។

ជាមួយគ្នានេះ រដ្ឋបាលខេត្តសៀមរាប សូមអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ ដែលធ្លាប់បានចេញ-ចូលទីតាំង ផ្ទះ អាជីវកម្មដ្ឋាន ដូចមានក្នុងបញ្ជីជូនភ្ជាប់ ចាប់ពីថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២១ សូមរួសរាន់ធ្វើចត្តាឡីស័ក តាមផ្ទះក្នុងក្រុមគ្រួសាររៀងៗខ្លួន ដោយមិនត្រូវពាក់ព័ន្ធ និងប៉ះពាល់ជាមួយអ្នកដទៃ ជាដាច់ខាត។ ប្រសិនបើមានការប្រែប្រួលសុខភាព សូមផ្តល់ព័ត៌មានមកកាន់លេខទូរស័ព្ទ ០១២ ៩៥៥ ៤៧៤/០៧៧ ៧៨៩ ០០៧ ដើម្បីក្រុមការងារចាត់វិធានការ ក្នុងការយកសំណាកធ្វើតេស្តស្រាវជ្រាវ ។

រដ្ឋបាលខេត្តសៀមរាប សង្ឃឹមយ៉ាងមុតមាំថា បងប្អូនប្រជាពលរដ្ឋទាំងអស់ ចូលរួមអនុវត្តឱ្យបានម៉ឺងមាត់ និងអនុវត្តនូវវិធានការការពារ របស់រាជរដ្ឋាភិបាល និងការណែនាំ របស់ក្រសួងសុខាភិបាល ៕

បំរាម៖ ហាមយកព័ត៌មានរបស់សារព័ត៌មាន ដើមអម្ពិល ចុះផ្សាយដោយគ្មានការជូនដំណឹងមកជាមុន។ រាល់បញ្ហាអត្ថបទដែលយកចុះផ្សាយបន្ត ស្ថាប័នយើងខ្ញុំមិនទទួលខុសត្រូវឡើយ។ លោកអ្នកអាចទំនាក់ំទំនងមកក្រុមការងារតាមរយៈ​ទូរស័ព្ទលេខ៖ 012 722337 ឬ dapnews@gmail.com

All rights reserved by: DAP News

To Top
×