ភ្នំពេញ ៖ លោក កែវ រ៉េមី រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាប្រធាន គណៈកម្មាធិការ សិទ្ធិមនុស្សកម្ពុជា បានប្រាប់ក្រុមអ្នកស្រឡាញ់ ភេទដូចគ្នា កុំមានការព្រួយបារម្ភ ចំពោះការរើសអើងពីអ្នកដ៏ទៃ ដោយសារ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានយកចិត្តទុកដាក់ គ្រប់បែបយ៉ាង។
តាមរយៈវិដេអូ ជាង៩នាទី ក្នុងឱកាសទិវាអន្តរជាតិ បញ្ឈប់ការរើសអើង អ្នកស្រឡាញ់ភេទដូចគ្នា និងសប្តាហ៍មោទកភាព ក្រោមប្រធានបទ «ទីកក់ក្តៅ» នាថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២១ លោក កែវ រ៉េមី បានរំលឹកថា នាពេលកន្លងមក សម្ដេចតេជោបានផ្ដាំផ្ញើដល់ភាគីពាក់ព័ន្ធទាំងអស់ ត្រូវធ្វើយ៉ាងកុំឲ្យមានការរើសអើង អ្នកស្រឡាញ់ភេទដូចគ្នា ។
លោកបញ្ជាក់ថា «សម្ដេចតេជោ ហ៊ុន សែន ផ្ញើសារតាមរយៈខ្ញុំ សួរសុខទុក្ខបងប្អូន (អ្នកស្រឡាញ់ភេទដូចគ្នា) បន្ដការ គាំទ្រដល់ក្មួយៗ ឬកូនក្មួយទាំងអស់ សូមឲ្យបានទទួលភាពកក់ក្ដៅមួយ។ ខ្ញុំនាម គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា ក៏សូមអំពាវនាវថា ទីកក់ក្ដៅរបស់ក្មួយចង់បាន គឺសំខាន់ទីកក់ក្កៅចាប់ផ្ដើមពីក្នុងផ្ទះ សូមកុំឲ្យប្រើអំពើហិង្សាគៀបសង្កត់ ផ្លូវចិត្ត ផ្លូវកាយ នៅក្នុងផ្ទះ ។ ផ្ទះហ្នឹងសម្រាប់ភាពកក់ក្កៅឲ្យគ្នា ចៀសវាង សមាជិកគ្រួសារ ឪពុក-ម្ដាយ បងប្អូន កុំឲ្យមានការស្អប់ខ្ពើម កុំដាក់សម្ពាធទៅលើគ្នា ត្រូវផ្ដល់ទីកក់ក្កៅរស់នៅ បានសេចក្ដីសុខ»។
លោក បន្ដថា ជាពិសេសនៅតាមទីសាធារណៈ កុំមានការរើសអើង ចំពោះអ្នកស្រឡាញ់ភេទដូចគ្នា ហើយប្រទេសជាតិទាំងមូល ក៏មានការរីកចម្រើនដែរ ដោយសារមានអ្នកចូលរួមគ្រប់ផ្នែកទាំងអស់៕