ព័ត៌មានជាតិ

កម្លាំងអាវុធហត្ថ​ រាជធានីភ្នំពេញ ១,៤៤៧នាក់ ទទួលអំណោយ សម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត តាមរយៈលោក ឃួង ស្រេង

ភ្នំពេញ៖ នៅក្នុងព្រឹត្តិការ សហគមន៍២០កុម្ភៈ បានបណ្តាលឲ្យជំងឺកូវីដ-១៩ ឆ្លងរាលដាលជាបន្តបន្ទាប់ អូសបន្លាយពេល មកដល់បច្ចុប្បន្ន ដែលនាំឲ្យមានមនុស្សឆ្លងជំងឺ ជាង២ម៉ឺននាក់ និងស្លាប់១៥៤នាក់ គិតត្រឹមថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២១នេះ។

ដោយអនុវត្តតាមការដឹកនាំ ចង្អុលបង្ហាញ ពីលោកនាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង កងយោធពលខេមរភូមិន្ទ មេបញ្ជាការ កងរាជអាវុធហត្ថ លើផ្ទៃប្រទេស នៅក្នុងកាលៈទេសៈនេះ អាវុធហត្ថរាជធានី ភ្នំពេញ បានបញ្ចេញកម្លាំង ទៅចូលរួមយ៉ាងសកម្ម ទាំងយប់ទាំងថ្ងៃ ក្នុងប្រតិបត្តិការ បង្ការទប់ស្កាត់ ប្រយុទ្ធប្រឆាំង ការរីករាលដាលនៃជំងឺកូវីដ-១៩ គ្រប់រូបភាព ក្រោមការដឹកនាំបញ្ជាផ្ទាល់ ពីលោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរង កងរាជអាវុធហត្ថ លើផ្ទៃប្រទេស និងជាមេបញ្ជាការ កងរាជអាវុធហត្ថ រាជធានីភ្នំពេញ។

ផ្ទាំងពាណិជ្ជកម្ម

នារសៀលថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២១ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និង សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន បានផ្តល់នូវអំណោយដ៏ថ្លៃថ្លា រួមមានអង្ករនិងមី ចំនួន ១,៤៤៧ ឈុត តាមរយៈ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ ចែកជូនដល់ កម្លាំងអាវុធហត្ថរាជធានីភ្នំពេញ ដែលបានចូលរួមអនុវត្ត​ វិធានការបិទខ្ទប់ ក្នុងរយៈកាលកន្លងមក ចំនួន១,៤៤៧នាក់ ទុកជាការលើកទឹកចិត្ត និងបំពេញបន្ថែម តម្រូវការប្រើប្រាស់ ក្នុងក្រុមគ្រួសាររៀងៗខ្លួន។

ក្នុងឱកាស បែងចែកអំណោយនេះផងដែរ លោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង បានណែនាំដល់នាយទាហាន ដែលជាតំណាង តាមបណ្តាអង្គភាពចំណុះ កងរាជអាវុធហត្ថ រាជធានីភ្នំពេញ ឲ្យក្រើនរំលឹកដល់ សមាជិករបស់ខ្លួនគ្រប់រូប បន្តរួមចំណែកអនុវត្ត បេសកកម្ម ប្រយុទ្ធប្រឆាំងការរីករាលដាល នៃជំងឺកូវីដ-១៩ តទៅមុខទៀត ដោយឥតរុញរា ក្នុងស្មារតីទទួលខុសត្រូវ និងប្តេជ្ញាខ្ពស់ ស្របតាមបទបញ្ជាថ្នាក់លើ ក៏ដូចជាការណែនាំនានា របស់ក្រសួងសុខាភិបាល និង អនុវត្តឲ្យបានម៉ឹងម៉ាត់ នូវវិធានការ «៣ការពារ និង៣កុំ» របស់ប្រមុខរាជរដ្ឋាភិបាល នៅគ្រប់ពេលវេលា និងគ្រប់ទីកន្លែង៕

To Top