ភ្នំពេញ ៖ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុបានសម្រេចបង្កើតយន្តការ និងនីតិវិធីនៃការអនុវត្តកម្មវិធីជំនួយ សង្គមជាសាច់ប្រាក់ ក្រោយពេលបិទខ្ទប់ សម្រាប់ប្រជាពលរដ្ឋ មានការលំបាកផ្នែកជីវភាព និងប្រជាពលរដ្ឋ ជាអ្នកឆ្លងជំងឺកូវីដ-១៩ និងស្លាប់ដោយជំងឺនេះ ។
យោងតាមសេចក្ដីសម្រេច ក្រសួងសេដ្ឋកិច្ច បានឲ្យដឹងថា សេចក្ដីសម្រេចនេះ មានគោលបំណងកំណត់អំពីយន្តការ និងនីតិវិធីនៃការដាក់ឲ្យអនុវត្តកម្មវិធី ជំនួយសង្គមជាសាច់ប្រាក់ ក្រោយពេលបិទខ្ទប់ នៃរាជធានីភ្នំពេញ ក្រុងតាខ្មៅនៃខេត្តកណ្តាល និងក្រុងព្រះសីហនុនៃខេត្តព្រះសីហនុ ។
សេចក្ដីសម្រេចនេះ មានវិសាលភាព អនុវត្តចំពោះប្រជាពលរដ្ឋ ដូចជា ៖ ទី១-គ្រសារមានការលំបាកផ្នែកជីវភាព និងកម្មករ និយោជិតបម្រើការងារ នៅតាមរោងចក្រ សហគ្រាស ក្នុងវិស័យកាត់ដេរសម្លៀកបំពាក់ ស្បែកជើង និងកាបូប ក្នុងភូមិសាស្ត្រ ដែលត្រូវបានអនុវត្តវិធានការបិទខ្ទប់ ជាលក្ខណៈទ្រង់ទ្រាយធំ នៃរាជធានីភ្នំពេញ ក្រុងតាខ្មៅនៃខេត្តកណ្តាល និង ក្រុងព្រះសីហនុនៃខេត្តព្រះសីហនុ។
ទី២-គ្រួសារដែលមានអ្នកឆ្លងជំងឺកូវីដ-១៩ និងមានការលំបាកផ្នែកជីវភាព , កម្មករ និយោជិតបម្រើការងារ នៅតាមរោងចក្រ-សហគ្រាស ក្នុងវិស័យកាត់ដេរសម្លៀកបំពាក់ ស្បែកជើង និងកាបូបដែលឆ្លងជំងឺកូវីដ-១៩ និងនៅក្រៅតំបន់អនុវត្តវិធានការបិទខ្ទប់ជាលក្ខណៈទ្រង់ទ្រាយធំ នៃរាជធានីភ្នំពេញ ក្រុងតាខ្មៅនៃខេត្តកណ្តាល និងក្រុងព្រះសីហនុនៃខេត្តព្រះសីហនុ និងគ្រួសារ ប្រជាពលរដ្ឋដែលមានអ្នកស្លាប់ដោយសារជំងឺកូវី៥-១៩ ក្នុងព្រឹត្តិការណ៍ ២០ កុម្ភៈ ២០២១ ក្នុងភូមិសាស្រ្តទូទាំងប្រទេស៕














